មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ដឹក​ជញ្ជូន​មក​ពី​២៨​ប្រទេស​រួម​ទាំង​កម្ពុជា​ ជួប​ជុំ​គ្នា​នៅ​ប្រទេសចិន​

ដោយៈ ម៉ាណា

   ប្រទេសចិនៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាវិស័យដឹកជញ្ជូន ប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026​)។

កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមវេទិកាវិស័យដឹកជញ្ជូន ប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកលី យ៉ាង អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន២៨ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសុន្ទរកថាគន្លឹះ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសា​ធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការដឹកជញ្ជូនប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គវេទិកាថា សម្រាប់កម្ពុជា ការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាអាទិភាពអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយ កម្ពុជាកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ផ្លូវទឹក មជ្ឈមណ្ឌលឡូជីស្ទីក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។

លោកបញ្ជាក់ថា “គោលបំណងសំខាន់ នៃការអភិវឌ្ឍប្រក​បដោយចីរភាព គឺដើម្បីពង្រឹងការតភ្ជាប់ កាត់បន្ថយថ្លៃដើមឡូជីស្ទីក សម្រួលពាណិជ្ជកម្ម ពង្រឹងសុវត្ថិភាពចរាចរណ៍ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន និងធុរកិច្ច”។

លោកបន្តថា បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្លាស់ប្តូរវិស័យដឹកជញ្ជូន ដោយកម្ពុជាកំពុងជំរុញសេវាសាធារណៈឌីជីថល និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។

វេទិកាវិស័យដឹកជញ្ជូន ប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទ “ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ការដឹកជញ្ជូនអ្នកដំណើរកាន់តែងាយស្រួល និងរំហូរដឹកជញ្ជូនទំនិញកាន់តែរលូន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here