ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។
ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តន៍ កិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។
ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ “យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០” សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ៕








