ដោយៈ ចំណាន
ភ្នំពេញៈ សមាគមកូរ៉េ International Interchange Development Association (IIDA) ប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េមកកាន់កម្ពុជាឱ្យបានច្រើន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mun Yong-Jo ប្រធានសមាគម International Interchange Development Association (IIDA) នៃសាធារណរដ្ឋកូរ៉េ និងសហការីជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៅសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិនកូរ៉េ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាន Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកូរ៉េ ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យបានច្រើនជាងបន្ថែមទៀត ជាពិសេសគឺការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ជាពិសេស ប្រទេសកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាកម្ពុជា នារដូវកាលបៃតង” ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកដោយភាពវៃឆ្លាត។
លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍ ត្រូវបានចាត់ជាវិស័យអាទិភាព និងជាជន្ទល់សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងជំនួបប្រកបដោយភារតភាពនេះ លោកប្រធាន Mun Yong-Jo បានធ្វើការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយ ពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កត្តាសុខសុវត្ថិភាព សន្តិសុខល្អប្រសើរដែលបានឃើញផ្ទាល់នាពេលនេះ ជាពិសេសអំពីលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធនាការ បង្រ្កាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ដែលបានគូសបញ្ជាក់ជូនដោយឯកឧត្តមរដ្ឋមន្រ្តី ជូនទៅប្រជាជន និងធុរជននៅសាធារណរដ្ឋកូរ៉េ។
លើសពីនេះទៀត លោកប្រធាន ប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ។
សមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្ម ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក ហើយជាដៃគូសហប្រតិបត្តិដ៏មានសក្តានុពល សម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការភ្ជាប់បណ្តាញធុរកិច្ច និងការវិនិយោគនៅសាធារណរដ្ឋកូរ៉េ៕








