ដោយៈ ចំណាន
ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកគី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំពិព័រណ៍ CAFE26នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ លោកគី ច័ន្ទរំដួល បានណែនាំដល់ក្រុមការងារជំនាញទាំងអស់យកចិត្តទុកដាក់ លើការដាក់តាំងបង្ហាញផលិតផល កសិផលសក្កានុពលកម្ពុជា ឲ្យមានភាពទាក់ទាញ លើគ្រប់អនុវិស័យ បង្កើតបរិយាកាសទំនាក់ទំនងធុរកិច្ចថ្មីៗ និងមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។
លោកបន្តថា កម្មវិធី(CAFE26) នឹងមានភាពទាក់ទាញជាងមុន ដោយមានការតាំងបង្ហាញផ្ទះសំណាញ់ សួនសត្វចម្រុះ(Mini Farm)ជាពិសេសការផ្សាភ្ជាប់ទៅនឹង “ប្រពៃណីចាប់ត្រីបុរាណ” របស់ប្រជានេសាទខ្មែរយើង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់អញ្ជើញចូលរួម ឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីវិស័យកសិកម្ម កាន់តែច្បាស់និងស៊ីជម្រៅ។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦(CAFE26) គឺជាវេទិកាប្រមូលផ្តុំដោយរដ្ឋាភិបាល ក្រុមហ៊ុនវិស័យឯកជន កសិករ ស្ថាប័នធនាគារ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់កសិ-ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា ការតភ្ជាប់ខ្សែច្រវាក់តម្លៃគ្រប់ភាគីពាក់ព័ន្ធ ពង្រីកទំហំនៃការនាំចេញ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិ-ស្បៀងអាហារ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕










