ទំហំពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​អន្តរជាតិ​កើន​ឡើង​ដល់​ទំហំ​ទឹកប្រាក់​ជាង​៤៤ពាន់​លានដុល្លារ​

ដោយៈ ចំណាន

   ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា អត្រា​ភាគ​រយនៃ​​កំណើនទឹក​ប្រាក់​​នាំ​ចេញ និង​នាំចូល​ទំនិញ​របស់​កម្ពុជា ​ជាមួយ​​ដៃគូ​ពាណិជ្ជកម្មអន្តរជាតិទាំងអស់​​ នៅ​​ក្នុង​រយៈ​ពេល៧​ខែ​នៃ​​ឆ្នាំ​២០២៦ បាន​កើន​ឡើង​ព្រម​គ្នា​ក្នុង​រង្វង់​ជាង​២១ភាគរយ។

កំណើននេះ បាន​ធ្វើ​ឱ្យ​ទំហំពាណិជ្ជកម្មសរុប​​ កើន​ឡើង​ដល់​ជាង ៤៤ពាន់​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ កាល​ពី​ឆ្នាំ​មុន​មាន​ជាង ៣៦ ពាន់​លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) នា​​ថ្ងៃ​ទី​១០ ខែ​សីហា បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-​កក្កដា ឆ្នាំ​២០២៦ ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ជា​អន្តរ​ជាតិ​របស់​កម្ពុជា ​មាន​​ទឹក​ប្រាក់​សរុបជាង៤៤ពាន់​លាន​ដុល្លារ កើន​ឡើង២១,៣​% បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​២០២៥ ដែល​មាន​៣៦,៣២ពាន់​លាន​ដុល្លារ​។

ទន្នន័យបានបង្ហាញថា ក្នុងទំហំទឹកប្រាក់នេះ ទំនិញ​កម្ពុជា​នាំ​ចេញ​មាន២០,៨១ពាន់​លាន​ដុល្លារ កើន២១,៣% និង​​នាំចូល​មក​វិញ២៣,២៥ ពាន់​លាន​ដុល្លារ​កើន២១,៤%។

ប្រទេស​​ដៃគូ​ពាណិជ្ជកម្ម​ធំៗទាំង ១០ រួម​មាន​ ​ចិន សហរដ្ឋ​អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា ឥណ្ឌូនេស៊ី និង​អេស្ប៉ាញ។​

សាស្រ្តាចារ្យ​សេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានមានប្រសាសន៍ឲ្យដឹងថា កំណើន​នៃ​តម្រូវ​ការទីផ្សារ​អន្តរជាតិ ​​ចំពោះ​ផលិតផល​​កម្ពុជា​ និង​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​​​ក្នុង​ការ​កែលម្អ​​បរិ​យាកាស​វិនិយោគ ក្នុង​ប្រទេស​​​ឱ្យ​កាន់​តែ​ល្អ​​ មាន​តម្លាភាព ព្រម​ទាំងសក្តានុពល​ភូមិសាស្រ្ត​នយោបាយ និង​ធនធាន​មនុស្ស​ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​បាន​នូវ​ការ​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ និង​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​កាន់​តែ​ច្រើន​។

លោកបាន​បន្ត​ថា ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)ដែល​កម្ពុជា​បានចុះ​ហត្ថលេខា ​​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី គឺ​សុទ្ធ​តែ​កំពុង​ហុចផលយ៉ាង​ច្រើន ​​សម្រាប់​សកម្ម​ភាព​ពាណិជ្ជកម្ម​អន្តរជាតិ​។​​

លោក​បាន​ថ្លែង​ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គឺឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ច ដែលកំពុងងើបឡើងវិញ និងតម្រូវការទីផ្សារអន្តរជាតិ”។ លោក​បន្ថែម​ថា“​សម្រាប់​កំណើន​នៃ​ការនាំចេញ គឺ​ដោយសារវិស័យកាត់ដេរ ទំនិញធ្វើដំណើរ កសិផល និងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here