វិស័យអាកាសចរណ៍កម្ពុជា អាមេរិកកំពុងវិវត្តន៍កាន់តែល្អប្រសើរ

ដោយៈ ចំណាន

   ភ្នំពេញៈ ទំនាក់​ទំនងវិស័យ​អាកាសចរណ៍​កម្ពុជា-សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​​កាន់តែ​ខ្លាំង​ បន្ទាប់​ពី​ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ​បង្កើន​នូវ​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ការ​​បញ្ជាទិញយន្តហោះរបស់​អាមេរិកBoeing ចំនួន១០គ្រឿង និង​ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍សហរដ្ឋអាមេរិក(DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI)កាល​ពី​ពេល​ថ្មីៗ​នេះ​។

យោងតាមបណ្តាញ​សង្គម​ផ្លូវ​ការ ​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា នារសៀលថ្ងៃ​ទី​៧ ខែសីហា បាន​ឱ្យ​ដឹង​ថា ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ ​លោកស្រី Aleks Zittle បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​លោក ម៉ៅ ហាវណ្ណាល់ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ក្នុង​​វិស័យ​អាកាសចរណ៍​រវាង​សហរដ្ឋអាមេរិក និងកម្ពុជាឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានទូត​បាន​បន្ត​ថា ក្នុង​ជំនួប​នេះ ​មាន​ការ​ពិភាក្សា​គ្នា​ពីការបញ្ជាទិញយន្តហោះរបស់​ក្រុមហ៊ុន​អាមេរិក Boeing 737 Max ចំនួន១០គ្រឿង​ ដែល​មាន​តម្លៃប្រមាណ៣,២ពាន់លានដុល្លារ ពី​សំណាក់​ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ការវិនិយោគចំនួន១០០ លានដុល្លាររបស់សាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍សហរដ្ឋអាមេរិក(DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI) និង​ផែនការរបស់រដ្ឋលេ​ខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌ​លដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានអន្តរជាតិ​តេជោ ព្រមទាំងពិភាក្សាពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា Cape Town។

ស្ថានទូត​បញ្ជាក់​ថា ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរ។ ​ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជា ក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ កិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនរបស់យើង កំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា។

យោងតាមទិន្នន័យ​របស់SSCA ​បានឱ្យ​ដឹង​ថា ក្នុងរយៈពេល៧ខែ​ ឆ្នាំ២០២៦​ ចំនួន​ជើង​ហោះហើរ​ចេញ-ចូល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្ត​ជាតិ​ទាំង ៣ (KTI, SAI និងKOS) មាន​ចំនួន៣៧ ២៤៨ ជើង ថយចុះ១% បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៥ ចំណែក​​អ្នកដំណើរតាមផ្លូវអាកាស​មាន​ចំនួន៣,៧១លាននាក់ ថយចុះ៩% និង​បរិមាណទំនិញឆ្លងកាត់៥៧,១០២ តោន កើនឡើង២១%។

នៅ​កម្ពុជាបច្ចុប្បន្ន​ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ​ធ្វើ​ប្រតិបត្តិការ​សរុប៣៣ ក្នុង​នោះ​ក្រុមហ៊ុន​ជាតិ៤ និង​អន្តរជាតិ២៩។

រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន ​អាកាសចរណ៍ស៊ីវិល​(SSCA ) លោក ម៉ៅ ហាវណ្ណាល់កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា កំពុង​បោះជំហានយ៉ាងមុតមាំឆ្ពោះទៅរក “របត់ថ្មីនៃទំនើបក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងតំបន់(Regional Aviation Hub)។

លោកបញ្ជាក់ថា “ដើម្បី​សម្រេច​ចក្ខុវិស័យនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​កំណត់​គោលដៅ​ជំរុញការ​ទទួលអ្នកដំណើរតាម​ផ្លូវ​អាកាស ​តាម​រយៈ​អាកាសយានដ្ឋាន​ទាំង៤នៅ​កម្ពុជា​(អាកាសយានដ្ឋាន​អន្តរជាតិ​តេជោKTI) អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ(SAI) អាកាសយានដ្ឋាន​អន្តរជាតិ​​ព្រះសីហនុ​(KOS​)និង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ) ឱ្យបាន៨លាននាក់ និងទំនិញ១១២ពាន់តោន នៅ​ក្នុង​ឆ្នាំ​២០២៧ខាង​មុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here