ដោយៈ ចំណាន
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី “កិច្ចការពារទិន្នន័យបុគ្គល”ត្រូវបានលើកយកមកពិភាក្សា និងបង្ហាញដោយមន្រ្តីក្រសូង និងអ្នកជំនាញ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Cristina Navio Gracia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាងស្ថានទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិ ការអាល្លឺម៉ង (GIZ) តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នេះ ជាលើកចុងក្រោយដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានផ្តល់ធាតុចូលកន្លងមក។
ច្បាប់នេះកំណត់អំពីគោលការណ៍ វិធាន និងយន្តការគ្រប់គ្រងនៃការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលដោយមាន ការទទួលខុសត្រូវ តម្លាភាព និងប្រកបដោយក្រមសីលធម៌ ក្នុងគោលបំណងធានាការពារទិន្នន័យបុគ្គល សិទ្ធិរបស់ប្រធានទិន្នន័យ និងលើកកម្ពស់បរិយាកាសវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍពាណិជ្ជកម្មជាតិ និងអន្តរជាតិក្នុងបរិបទនៃសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល មិនមានគោលបំណងរារាំងនវានុវត្តន៍ ឬបង្កើតបន្ទុកនិយ័តកម្ម ដែលមិនចាំបាច់នោះទេ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងបង្កើតបរិយាកាសឌីជីថល ដែលប្រកបដោយទំនុកចិត្តដែលក្នុងនោះ ការការពារឯកជនភាព នវានុវត្តន៍ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចអភិវឌ្ឍទៅជាមួយគ្នា។
ក្របខណ្ឌច្បាប់ទំនើប សម្រាប់កិច្ចការពារទិន្នន័យបុគ្គល មិនត្រឹមតែជាតម្រូវការផ្នែកគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតម្រូវការផ្នែកសេដ្ឋកិច្ចផងដែរ។ តាមរយៈការកំណត់វិធានច្បាស់លាស់ សម្រាប់ការប្រមូល ការប្រើប្រាស់ ការចែករំលែក និងការការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងទំនុកចិត្តរបស់សាធារណជន ជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ គាំទ្រពាណិជ្ជកម្មឌីជីថលឆ្លងដែន ទាក់ទាញការវិនិយោគឌីធីថល និងលើកកម្ពស់សមត្ថភាពប្រកួត ប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក៕







