ដោយៈ ចំណាន
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ Ricardo Hausmann សេដ្ឋវិទូល្បីល្បាញ ជាស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌល Growth Lab ព្រមទាំងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយអន្តរជាតិនៅ Harvard Kennedy School នៃសាកលវិទ្យាល័យ Harvard។
បន្ទាប់ពីសម្តែងកិច្ចស្វាគមន៍ និងការសាកសួរសុខទុក្ខទៅវិញទៅមកក្នុងបរិយាកាសដ៏ស្និទ្ធស្នាល លោកឧបនាយករដ្ឋមន្ត្រី និង លោកសាស្រ្តាចារ្យ បានពិភាក្សាផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ទី១. ការប្រមើមើល និងវិភាគនិន្នាការនៃការវិវត្តសេដ្ឋកិច្ច នយោបាយជាសកលនាពេលអនាគត ដោយផ្អែកលើតថភាពនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ទី២. យុទ្ធសាស្ត្ររុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការពិភាក្សាផ្តោតលើកត្តាជំរុញ និងយន្តការគន្លឹះនានា ដើម្បីធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែមានភាពធន់ មានប្រសិទ្ធភាពខ្ពស់ និងមានសន្ទុះកំណើនឆ្ពោះទៅមុខប្រកបដោយចីរភាព និងទី៣. ការលើកកម្ពស់បរិយាកាសវិនិយោគ កត្តាអំណោយផល និងការបន្តធ្វើកំណែទម្រង់ជុំវិញការទាក់ទាញវិនិយោគិនបរទេស និងការសម្រួលពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។
ជំនួបលើកនេះ គឺជាការបន្តកិច្ចសន្ទនាជាយុទ្ធសាស្ត្រ បន្ទាប់ជំនួបឯកជនរវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ Ricardo Hausmann កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងដាវ៉ុស (Davos) ប្រទេសស្វីស៕








