ដោយៈ និស្ស័យ
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា អ៊ិន យុទ្ធី សហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធាន ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារ “ញ” តំណាងក្រុមហ៊ុនប្រេងកាតឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យថាមពល និងធនធានរ៉ែជាច្រើនទៀត។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងបន្តពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរនានា ដែលនៅសេសសល់ និងកើតមានឡើងថ្មីៗ ក្នុងវិស័យរ៉ែ និងថាមពល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយដៃគូ គឺក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរចំនួន ៩ ចំណុច រួមមាន៖ ១. ពន្ធលើសន្តិធិពាណិជ្ជកម្មប្រេង និងឧស្ម័នឥន្ធនៈ ២. ពន្ធលើប្រេងយន្តហោះ ៣. សេវាសាធារណៈសម្រាប់ការអនុញ្ញាតកសាងសង់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ៤. វិធាននៃកាដាក់ពាក្យស្នើសុំនាំចូលប្រេង ៥. តម្លៃ Premium របស់សាំង និងម៉ាស៊ូត នៃតម្លៃលក់រាយ ៦. កម្រៃជើងសាររបស់ធនាគារជាតិ (Commission Fee) ៧. ការបង់ពន្ធលើថ្លៃសេវាសារកើនសម្រាប់វិស័យផ្គត់ផ្គង់សាំង ៨. ការបិទអាជ្ញាបណ្ណតំបន់មួយចំនួន ដែលមានផលប៉ះពាល់ (តំបន់ក្រហម) ៩. ការនាំចេញថ្មសំណង់ទៅកាន់ទីផ្សារអន្តរជាតិ៕











