អតិផរណា​កើន​ និង​កំណើន​ថយ​ចុះ​នៃ​សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​បង្ហាញ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ កំណើន​អតិផរណា ដែល​បណ្តាលមក​​ពី​អស្ថិរភាព​នៃ​តម្លៃ​ប្រេងឥន្ទនៈ​នៅលើ​​ទីផ្សារ​អន្តរជាតិ​ បាន​ជំរុញ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​(NBC) ធ្វើ​ការ​ព្យាករថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នេះ​នឹង​មាន​កំណើន​​ក្នុងអត្រា​៣,៩% និងរំពឹង​​កើន​​ដល់៥% ​ក្នុង​ឆ្នាំ​២០២៧។

នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់​ធនាគារជាតិនៃកម្ពុជា ដែល​​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍មុន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ​ជាតិ​នៃ​ក​ម្ពុជា​​បាន​ឱ្យ​ដឹង​ថា ការផ្ទុះ​ឡើង​នៃ​​សង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦ ព្រម​ទាំង​បញ្ហាប្រឈមខាងក្នុង​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ (ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ)​បាន​ធ្វើ​ឱ្យ​​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទទួល​​រង​នូវ​ផល​អវិជ្ជមាន​​មួយ​ចំនួន​។

NBC បញ្ជាក់​ថា ​យោងតាមការវិភាគរបស់ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថាមានអត្រា ៣,៩% និងរំពឹងនឹងកើនក្នុងអត្រា៥% ក្នុងឆ្នាំ២០២៧ ដែលគាំទ្រដោយកំណើនល្អនៃការនាំចេញ ការ​វិនិយោគផ្ទាល់ពីបរទេស និងការកើនឡើងនៃផលិតកម្មក្នុងស្រុក”។

NBC បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​​ឆមាសទី១ ឆ្នាំ​២០២៦ អត្រាអតិផរណារួមមានកម្រិត៤,៩% ដោយសារថ្លៃប្រេងឆៅពិភពលោក ហក់ឡើងខ្ពស់​ដែលបង្កឡើង ដោយការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប្រាក់រៀលបន្តមានស្ថិរភាពល្អ ដោយអត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០១៧ រៀលក្នុង ១ដុល្លារអាមេរិក​ ដែលបាន​រួមចំណែកដ៏សំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាកម្មទូទៅនៅលើទីផ្សារ។

បន្ថែមលើនេះ​បរិមាណទុនបម្រុងអន្តរជាតិ រក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់​ដែលស្មើនឹង៨ខែ​នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ធៀបនឹងចំនួន៣ខែ​ ដែលជាកម្រិតស្តង់ដាសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

NBC បាន​បញ្ជាក់​ថា ​បើទោះបីស្ថិតក្នុងបរិការណ៍នៃការកើនឡើងនៃហានិភ័យខាងក្រៅ និងហានិភ័យក្នុងស្រុក ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ឥណទានអតិថិជនកើនឡើង៤,៦% ដែលរួមចំណែកដល់សកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្មក្នុង​ស្រុក កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងកម្មន្តសាល ជាដើម។ ដោយឡែក ប្រាក់បញ្ញើអតិថិជនមានកំណើន ៤,៤%។

ក្នុងស្ថានភាពដែលបរិវត្តកម្មបច្ចេកវិទ្យាត្រូវបានរំពឹងថា នឹងបន្តកើនល្បឿន វិស័យហិរញ្ញវត្ថុនឹងត្រូវទាញយកអត្ថប្រយោជន៍ ពីនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុឌីជីថល ប៉ុន្តែក៏ត្រូវគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងសន្តិសុខសាយប័រ អភិបាលកិច្ចទិន្នន័យ ការការពារអ្នកប្រើប្រាស់ និង​និរន្តរភាពប្រតិបត្តិការឱ្យបានប្រុងប្រយ័ត្នផងដែរ។

NBC បាន​អះអាង​ថា ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាត​បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​ដូចជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងគណៈកម្មការ​ចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពថែមទៀត។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)​ កាល​ពី​ដើម​ខែ​កក្កដា បាន​ព្យាករថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នេះ​នឹង​សម្រេច​បាន​ក្នុង​អត្រា​កំណើន​ ៣% ​(ទម្លាក់​ពី​ ៤% ដែល​​ព្យាករ​កាល​ពី​ខែមេសា) ហើយ​នឹង​កើនឡើង​ ៤% ក្នុង​ឆ្នាំ​២០២៧។

ដោយឡែក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)បាន​ព្យាករណ៍ថា ក្នុង​ឆ្នាំ​២០២៦ នេះ​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច៤,១% និង​ក្នុង​ឆ្នាំ​២០២៧ មាន​អត្រា៤,៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here