ក្រសួងប្រៃសណីយ៍​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​ឌីជីថល​ និង​ការ​ប្រើ​ប្រាស់ ​AI

ដោយៈ និស្ស័យ

ភ្នំពេញៈ សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់លផករដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា” ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ ១៤៣នាក់ មកពី៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាពលោក ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត ឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមាន សមត្ថភាពក្នុងការបង្កើតមាតិកា ការសរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកាព័ត៌មាន កាន់តែសម្បូរបែបនិងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ ឬរូបភាព/វីដេអូក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសវិស័យសារព័ត៌មានឌីជីថល។

លោករដ្ឋលេខាធិការ បន្ថែមថាចំណេះដឹង និងជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាទុនដ៏មានតម្លៃ និងអាចយកទៅអនុវត្តន៍ផ្ទាល់ នៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ ព្រមទាំងរួមចំណែកធ្វើឱ្យដំណើរបរិវត្តកម្មឌីជីថល។

លោកបានលើកទឹកចិត្ត ឱ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បន្តពង្រឹងនិងពង្រីកកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយក្លិបអ្នកកាសែតកម្ពុជា និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញឌីជីថលថ្មីៗ និងកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីធានាថា អ្នកសារព័ត៌មានឌីជីថលរបស់យើង មានចំណេះដឹងនិងសមត្ថភាពជំនាញគ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here