ដោយៈ ម៉ាលៃ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដើម្បីលើកឡើងនូវកិច្ចសហប្រតិបត្តិការនានា ក្នុងន័យគាំទ្រដំណើរកម្កុជាចាកចេញ ពីប្រទេសអភិវឌ្ឍន៍តុចតួចនៅឆ្នាំ២០២៩។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលដឹកនាំដោយលោក Pavit Ramachandran អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រវិស័យពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគោលនយោបាយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម និងបានពិនិត្យលទ្ធភាព ក្នុងការធ្វើកិច្ចសហការលើគម្រោងជំនួយបច្ចេកទេសថ្មីៗ ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច និងការជំរុញពាណិជ្ជកម្មឌីជីថល ដើម្បីធានានូវចីរភាពនៃកំណើនពាណិជ្ជកម្ម ការពង្រឹងភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មពាណិជ្ជកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក៕










