ដោយៈ ម៉ាលៃ
កំពតៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ដំបូងគេ និងធំជាងគេនៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត។
ទស្សនកិច្ចនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចុះពិនិត្យផ្ទាល់អំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងជាឱកាសដ៏ថ្លៃថ្លាក្នុងការជួបសំណេះសំណាល ជាមួយបងប្អូនបុគ្គលិក កម្មករ និយោជិត និងតំណាងចែកចាយធំៗរបស់ក្រុមហ៊ុន។
បន្ថែមពីនេះ សកម្មភាពនៃការចុះទស្សនកិច្ចផ្ទាល់នេះ គឺជាសក្ខីកម្មដ៏រស់រវើកដែលស្តែងចេញនូវ សេវាថែរទាំវិនិយោគយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ដោយបានឆ្លុះបញ្ចាំងថា ទោះបីជាកម្ពុជា ខិតខំពង្រីកការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ដល់គ្រប់គម្រោងវិនិយោគដែលមានស្រាប់ សំដៅធានាឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេ អាចបន្តរីកចម្រើនដោយចីរភាព និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី បាន វាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly)។
ការកោតសរសើរនេះ ស្តែងចេញដោយបានសង្កេតឃើញលើការអនុវត្តបច្ចេកទេស Semi-Open Cut Mining (អាជីវកម្មរ៉ែបែបពាក់កណ្តាលបើកចំហ) របស់រោងចក្រ Kampot Cement ដែលជាការធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ស្កាត់ធូលីដី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី មិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។
នៅពេលផ្នែកខាងក្នុងនៃភ្នំ ត្រូវបានកាយយកថ្មអស់តាមដំណាក់កាល ក្រុមហ៊ុននឹងចាប់ផ្តើមចាក់ដីធ្វើថ្នាក់ (Benching) និងនាំយកប្រភេទរុក្ខជាតិដែលបានសិក្សាថា សមស្របនឹងប្រព័ន្ធជីវៈចម្រុះតំបន់នោះ និងបានបណ្តុះនៅក្នុងមជ្ឈមណ្ឌលសិក្សា និងស្តារជីវចម្រុះរបស់ខ្លួន ទៅដាំស្តារគម្របបៃតងឡើងវិញភ្លាមៗ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដ៏មានអត្ថន័យរបស់ក្រុមហ៊ុនក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹង បច្ចេកទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មី។
ឆ្លៀតក្នុងឱកាសនេះ លោកស៊ុន ចាន់ថុល ក៏បានរំលេចអំពីលទ្ធផលនៃ សន្និសីទសារព័ត៌មានស្តីពី អត្រាពន្ធគយថ្មីសម្រាប់ការនាំចូលកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពនៃមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែលបានរៀបចំឡើងកាលពីម្សិលមិញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
លោកបញ្ជាក់ជូនអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការរក្សាប្រៀបប្រកួតប្រជែងពាណិជ្ជកម្ម ការសម្រួលកិច្ចសម្រួលពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគគិនបរទេស មកកាន់កម្ពុជាប្រកបដោយចីរភាព៕










