ស្ថានទូតអាមេរិក​បង្ហាញ​សុទិដ្ឋិនិយម​ពី​ការ​វិនិយោគ​ពី​អាមេរិក​ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែប្រសើរ​

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីបានបង្ហាញសុទិដ្ឋនិយមថា ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ អាមេរិកនៅ​កម្ពុជា ​នឹង​កាន់​តែ​មាន​ភាព​វិជ្ជមាន​ថែម​ទៀត​ បន្ទាប់​ពី​​​​គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាន​ធ្វើ​ដំណើរ​មក​បំពេញទស្សនកិច្ចនៅកម្ពុជា។

ស្ថានទូតអាមេរិក​ប្រចាំប្រទេស​ភ្នំពេញ បាន​ចាត់​ទុក​ដំណើរ​ទស្ស​នកិច្ច​នេះថា ​ជា​កិត្តិយស​មួយ​ដែល​បាន​ធ្វើជាម្ចាស់ផ្ទះ ទទួល​ស្វាគមន៍គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ​មកកាន់​ប្រទេសកម្ពុជា ចន្លោះ​ពីថ្ងៃទី២១-២២ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាន​ទូត​​អះអាង​ថា “ដំណើរ​ទស្សនកិច្ច​នេះ គឺ​បាន​ជួយ​តភ្ជាប់ទំនាក់ទំនង​រវាង​ក្រុមហ៊ុនអាមេរិកឈានមុខគេមួយចំនួនជាមួយ​នឹង​មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា”។

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ស្ថាន​ទូត​​លើក​ឡើង​ថា​ដំណើរទស្សនកិច្ចនេះ​ ផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិ​យោគ ការបង្កើនឱកាសចូលទៅទីផ្សារ និងការបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ចអាមេរិក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គណៈប្រតិភូ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ ត្រូវបាន​ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Brian McFeeters រួមមានតំណាងមកពីក្រុមហ៊ុនដែលធ្វើការក្នុងវិស័យសុខាភិបាល ឧស្សាហកម្មកែច្នៃ ថាមពល សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មបដិសណ្ឋារកិច្ច។

ក្រុមហ៊ុនទាំងនេះ តំណាងឱ្យការផ្តល់ជូនល្អៗពីអាមេរិក ដោយបានកំណត់ស្តង់ដារសកល សម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេល​ដែលក្រុមហ៊ុនអាមេរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជា ពួកគេអាច​បង្កើតការងារ អភិវឌ្ឍសមត្ថភាពធនធាន​មនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការផងដែរ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចតេជោហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យា។

ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជាបាន​បញ្ជាក់​ថា កិច្ចពិភាក្សាបានផ្តោតលើជំហានជាក់ស្តែង ក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយា​កាសធុរកិច្ច និងបើកឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាមេរិក។

គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែម អំពី​កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្តុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ ដោយធានាបាននូវការផ្សារភ្ជាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយ ទំនួលខុសត្រូវ។

ភារធារីស្ថានទូតអាមេរិក លោកស្រី Aleks Zittle បានមានប្រសាសន៍​ថា គណៈប្រតិភូរួមមានថ្នាក់ដឹកនាំ ក្នុងវិស័យឧស្សាហកម្ម ដែលតំណាងឱ្យនវានុវត្តន៍ ដែលល្អបំផុតពីអាមេរិក ការវិនិយោគ និងសហគ្រិនភាពអាមេរិក។ ក្រុមហ៊ុនទាំងនេះ បាន​ធ្វើអាជីវកម្មនៅកម្ពុជា​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុម​ហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។

លោកស្រីបន្តថា “ពួកគេបានឆ្លុះបញ្ចាំង ពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា”។

ស្ថានទូតអាមេរិកបាន​អះអាង​ថា ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាមេរិក អាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជា នាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំង២។

ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​កម្ពុជា-អាមេរិក បាន​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជា​លំដាប់។ អាមេរិក គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​២ របស់​កម្ពុជាបន្ទាប់​ពី​ប្រទេស​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here