ផ្លូវជាតិលេខ៧១C បាន​បញ្ចប់​សុពលភាព​នៃ​ការ​ធានាគុណភាព​ហើយ​

ដោយៈ ម៉ាណា

កំពង់ចាមៈ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងដឹកនាំពិធីប្រគល់-ទទួលបញ្ចប់សុពលភាពនៃការធានាគុណភាព គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ។

ការប្រគល់ និងទទួលនេះ បន្ទាប់ពីគម្រោងបានបញ្ចប់រយៈពេលថែទាំ និងធានាគុណភាពស្របតាមលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសដែលបានកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេ​កទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរដ្ឋបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group-SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision-WACC) ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យលើកនេះ បានផ្តោតសំខាន់លើស្ថានភាព និងគុណភាពតួផ្លូវ ស្រទាប់ក្រាលកៅស៊ូ ស្ពាន លូ និងប្រព័ន្ធបង្ហូរទឹក ជើងទេរផ្លូវ ទីតាំងផ្លូវប្រសព្វ និងរង្វង់មូល គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីវាយតម្លៃថា ការងារសំណង់ និងការងារជួសជុល ក្នុងអំឡុងពេលធានាគុណភាព ត្រូវបានអនុវត្តពេញលេញ ស្របតាមសៀវភៅបន្ទុក និងលក្ខខណ្ឌកិច្ចសន្យា។

ក្នុងឱកាសនោះ លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមការងារបច្ចេកទេសរបស់ក្រសួង រដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការតាមដាន ត្រួតពិនិត្យ ថែទាំ និងកែលម្អគុណភាពផ្លូវ រហូតឈានដល់ការប្រគល់-ទទួលបញ្ចប់សុពលភាព នៃការធានាគុណភាពតាមកិច្ចសន្យា។

លោកបានបញ្ជាក់ថា “ការបញ្ចប់សុពលភាព នៃការធានាគុណភាព មិនមែនមានន័យថា ការយកចិត្តទុកដាក់លើការគ្រប់គ្រង និងថែទាំខ្សែផ្លូវត្រូវបានបញ្ចប់នោះទេ”។

ផ្ទុយទៅវិញ អង្គភាពពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរ ត្រូវបន្តតាមដានស្ថានភាពផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក បរិក្ខារសុវត្ថិភាពចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរងជាប្រចាំ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងអាយុកាលប្រើប្រាស់យូរអង្វែង។

ផ្លូវជាតិលេខ៧១សេ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែលតភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយមានប្រវែងសរុប ១១៤,៩៩ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ត្រូវបានប្រកាសបើកការដ្ឋានរួមគ្នា ក្នុងឱកាសពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬ “ស្ពានភ្ជាប់និស្ស័យ” កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ការធ្វើដំណើរ សកម្មភា​ពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនដំណាំ ផលិតផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្មឱ្យកាន់តែឆាប់រហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here