ដោយៈ ចំណាន
កូរ៉េខាងត្បូងៈ ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចូលរួមវេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៦ ក្រោមប្រធានបទ “ទិសដៅទៅមុខរួមគ្នាជាមួយបញ្ញាសិប្បនិម្មិត ដើម្បីឆ្ពោះទៅអនាគតនៃការដឹកជញ្ជូន”។
ភាគីកម្ពុជាដឹកនាំដោយលោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា ក្នុងក្របខណ្ឌអាស៊ាន បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៦ (The 16th ASEAN-ROK Transport Cooperation Forum) ក្រោមប្រធានបទ “ទិសដៅទៅមុខរួមគ្នាជាមួយបញ្ញាសិប្បនិម្មិត ដើម្បីឆ្ពោះទៅអនាគតនៃការដឹកជញ្ជូន”។
ថ្លែងក្នុងកម្មវិធីបើកវេទិកា លោក Jee-sun Hong អនុរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ បានស្វាគមន៍ ប្រតិភូពីបណ្តាប្រទេសសមាជិកអាស៊ាន ដែលបានចូលរួមវេទិកានេះ និងបានលើកឡើងពីគោលបំណង នៃវេទិកានេះ សម្រាប់ចែករំលែកទិសដៅគោលនយោបាយ ការផ្លាស់ប្តូរចំណេះដឹង និងការលើកកម្ពស់សហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យដឹកជញ្ជូន រវាងសាធារណរដ្ឋកូរ៉េ និងប្រទេសជាសមាជិកអាស៊ាន។
វេទិកានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលសម្របសម្រួលដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន ប្រទេសកូរ៉េ។
ក្នុងវេទិកានេះ ក្រសួងMOLIT បានអញ្ជើញអ្នកជំនាញ អ្នកបង្កើតគោលនយោបាយពីប្រទេសកូរ៉េ និងអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យចែករំលែកពីបទពិសោធន៍ នៃការរៀបចំ និងអនុវត្តគម្រោងបញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធដឹកជញ្ជូនសំខាន់ៗ ព្រមទាំងពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធដឹកជញ្ជូនផងដែរ៕









