ដោយៈ ចំណាន
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន លើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។
ស្របតាមគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។
ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុប មានចំនួន២០,៦០០គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន១៥,២៣៩គ្រឿង ត្រីចក្រយានយន្តចំនួន៨៦២គ្រឿង និងទោចក្រយានយន្តចំនួន៤,៤៩៩ គ្រឿង។
បើគិតត្រឹមតែ៦ខែ ដើមឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕









