ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកជាផ្លូវការ ក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ “ដំណើរឆ្លងកាត់ភាពចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ”។
វេទិកានេះ រៀបចំដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ២៦០រូប។

វេទិកានេះត្រូវបានរៀបចំឡើង ដើម្បឱ្យអ្នកដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការធ្វើបទឧទ្ទេសនាម ដោយផ្ទាល់ពីអ្នកជំនាញ ដែលមកពីធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនានា ដែលរួមមាន BNP Paribas Asset Management ក្រុមហ៊ុន J.P. Morgan Asset Management និង ក្រុមហ៊ុន BNY Investments។
ការតាមដាន និងការយល់ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមអាចវិភាគ ស្ថានភាពកាន់តែស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន ខណៈដែលការវិវត្តនៅលើសកលលោក ក៏មានឥទ្ធិពលលើស្ថានភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរនោះ៕









