ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានចុះកិច្ចព្រមព្រៀង ដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម “ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)”ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូលកសិករ និងអភិវឌ្ឍផលិតកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព។
ពិធីនេះមានការចូលរួមពីលោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋលេខាធិការ យ៉ង សាំង កុមារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការGIZ ដើម្បីរួមគ្នាអនុវត្តគំនិតផ្ដួចផ្ដើមនេះ។
គំនិតផ្ដួចផ្ដើមBRIC នឹងរួមចំណែកលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់សេវាកម្មកសិកម្មកាន់តែមានប្រសិទ្ធភាព៕








