ដោយៈ ម៉ាល័យ
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងនូវទស្សនទាន រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ ជាគំរូយុទ្ធសាស្ត្ររបស់𝐒𝐃𝐅 ដើម្បីអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម។
ក្នុងបរិបទដែលវិស័យយានយន្តនៅកម្ពុជា មានភាពប្រកួតប្រជែងខ្លាំង ការអភិវឌ្ឍកម្លាំងពលកម្មជំនាញជារឿងចាំបាច់ ក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗដូចជា រថយន្តអគ្គិសនី(EV) និងប្រព័ន្ធវិភាគបច្ចេកទេស ដើម្បីបន្តនិរន្តរភាព និងពង្រីកការវិនិយោគ។
នេះគឺជាប្រសាសន៍របស់ លោកគី សុខគីម នាយកប្រតិបត្តិ 𝐒𝐃𝐅 ក្នុងអំឡុងកិច្ចពិភាក្សារបស់សភាពាណិជ្ជកម្មអឺរ៉ុប ស្តីអំពី “ទស្សនវិស័យយានយន្តកម្ពុជាឆ្នាំ ២០២៦ និងអនាគត” ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ។
លោកសង្កត់ធ្ងន់ទៀតថា “ដើម្បីដោះស្រាយគម្លាតជំនាញ រដ្ឋាភិបាល ឬវិស័យឯកជន មិនអាចសម្រេចការងារនេះ បានតែម្នាក់ឯងឡើយ”។ លោកបន្ថែមថា “ប៉ុន្តែទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងឯកជន”។
𝐒𝐃𝐅ត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញភាពជាដៃគូ ផ្តល់ថវិកាបដិភាគ ដើម្បីជួយក្រុមហ៊ុនវិស័យយានយន្ត ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិក ឱ្យត្រូវតាមតម្រូវការការងារជាក់ស្តែង។
ដើម្បីជំរុញឧស្សាហកម្មយានយន្ត នាយកប្រតិបត្តិ𝐒𝐃𝐅 បានបន្ថែមថា រដ្ឋាភិបាលបានរៀបចំ គោលនយោបាយរយៈពេល៥ឆ្នាំ សម្រាប់ដំណាក់កាលទី១ ដើម្បីទាក់ទាញរោងចក្រ ដំឡើងរថយន្តកម្រិតមូលដ្ឋាន។ បច្ចុប្បន្ន មានរោងចក្រដំឡើងរថយន្ត កម្រិតមូលដ្ឋានចំនួន១២ កន្លែងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ដំណាក់កាលបន្ទាប់ គោលដៅគឺពង្រឹងគុណភាព ដើម្បីផ្ទេរបច្ចេកវិទ្យា និងជំនាញមកកម្ពុជាឱ្យបានកាន់តែច្រើន។
គិតមកដល់បច្ចុប្បន្ន𝐒𝐃𝐅 បានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបប្រមាណ៩៣,០០០នាក់ ដែលក្នុងនោះមាន២ ៧៩៩ នាក់ស្ថិតក្នុងវិស័យយានយន្ត។ សមិទ្ធផលទាំងនេះ សបង្ហាញពីតួនាទីដ៏សំខាន់របស់ 𝐒𝐃𝐅 ក្នុងការជួយគាំទ្រដល់ការត្រៀមលក្ខណៈ ទទួលយកការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ និងនិន្នាការថ្មីៗនៅក្នុងវិស័យយានយន្ត៕









