ដោយៈ និស្ស័យ
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ដើម្បីពង្រឹងយន្តការការងារ និង កំណត់ទិសដៅអនុវត្តការងារបន្ត។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្នុងក្របខណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨”។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីតួនាទីស្នូលរបស់លេខាធិការដ្ឋាន ជាអ្នកសម្របសម្រួល និងពន្លឿននីតិវិធីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យបាននូវការផ្តល់កិច្ចសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈម ជូនវិនិយោគិន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈយន្តការ “ច្រកចេញចូលតែមួយ”។
ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកដល់លេខាធិការដ្ឋាន ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការអនុវត្តការងារ សំដៅធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាព ព្រមទាំងអាចឆ្លើយតបបានទាន់ពេល ទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជន ក្នុងគោលដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង៕









