ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៤ ដែលបោះទុនវិនិយោគ១៦.៥លានដុល្លារ ដោយនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ២០០០កន្លែង គិតដើមសប្តាហ៍ទី៣ ក្នុងខែមករា ឆ្នាំ២០២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់គម្រោងបង្កើតរោងចក្រផលិតកាបូប គ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។
ស្ថាប័នដដែលនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “JIAN YUAN TONG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។
មួយទៀត គឺក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០០កន្លែង៕