ដោយៈ និស្ស័យ
សៀមរាបៈ ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះ នឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ“សេចក្តីមេត្តាករុណា” របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។
ជា “អរោគ្យសាលា” មួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលត្រូវបានកសាងឡើង នាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺ ជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។
មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក) ប្រាសាទនេះត្រូវបានសាងសង់ឡើង យ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាល បែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ម៉ែត្រ និងទទឹង៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា “ទន្លេស្ងួត” ។
ក្រោយពីបានឆ្លងកាត់ការខូចខាត ស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួត ត្រូវបានចាប់ផ្តើមស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់តាមដំណាក់កាល។
– ដំណាក់កាលទី១ (២០១៩-២០២០)៖ ប្រាសាទនេះត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ។
– ដំណាក់កាលទី២ (២០២៥)៖ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ “Angkor Water Resilience” ផ្នែកមួយចំនួននៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទបានជួសជុលកែលម្អ។ លើសពីនេះ រានទស្សនាត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរ។
បច្ចុប្បន្ន “ទន្លេស្ងួត” លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ បច្ចុប្បន្នទន្លេស្ងួតអាចស្តុកទឹក បានអតិបរមារហូតដល់ ៧៧០.០០០ម៉ែត្រត្រីគុណ។ ការបញ្ជូលទឹកបានឡើងវិញនេះ ផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ទី១ ថែរក្សាលំនឹងគ្រឹះប្រាសាទ៖ តាមរយៈការរក្សាសំណើមដី ដែលជាបច្ចេកទេសដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរ។
ទី២ ផ្តល់ប្រយោជន៍ដល់សហគមន៍៖ បង្កើនសោភ័ណភាព បរិស្ថានបៃតង និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម និងការរស់នៅរបស់ពលរដ្ឋជុំវិញ។
ក្រសួងវប្បធ៌មបានបញ្ជាក់ថា “យើងចូលរួមគ្នាថែរក្សា និងស្តារសម្បត្តិបេតិកភណ្ឌ នៅប្រាសាទទន្លេស្ងួត ជាការតភ្ជាប់សរសៃឈាមរវាងអតីតកាលដ៏រុងរឿង ទៅកាន់អនាគតដ៏រឹងមាំ និងមាននិរន្តរភាព”៕











