សម្តេចធិបតីប្រាប់ប្រធានាធិបតីបារាំង៣ចំណុចទាក់ទងបញ្ហាថៃឈ្លានពានកម្ពុជា ខណៈបញ្ហានេះក្លាយជាបញ្ហាអន្តរជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ការពិតចំនួន៣ចំណុច អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដល់​លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស។

នេះបើតាមការបញ្ជាក់ពីលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាក់បែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិលត្រឡប់មកកម្ពុជាវិញ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

លោកតាន់ ហ្សង់ហ្វ្រង់ស័រ​បានបញ្ជាក់ថា ក្នុងជំនួបជាមួយលោក អេម៉ាញូអែល មាក្រុង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការពិត អំពីព្រំដែនកម្ពុជា-ថៃ ដោយមិនបំផ្លើសឱ្យហួសការពិត ហើយមិនបង្រួញឱ្យតូចជាងការពិតទេ ក្នុងនោះ សម្តេចលើកឡើង៣ចំណុចសំខាន់ៗ ទី១ ភាពតាងតឹងកំពុងបន្ដគ្របដណ្តប់តាមព្រំដែន កម្ពុជា-ថៃ ដោយសារកងទ័ពថៃ បានចូលជ្រៅហួសព្រំដែនស្របច្បាប់ មកចូលក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោ​យខុសច្បាប់អន្ដរជាតិ មិនតែប៉ុណ្ណោះកងទ័ពថៃ បានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា និងរារាំងពលរដ្ឋរាប់ម៉ឺននាក់ មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះវិញ។

ទី២ ដាច់ខាតកម្ពុជាមិនទទួលឡើយ នូវស្ថានភាពនូវការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីជាថៃ បានឈ្លានពានយកទឹកដីកម្ពុជា ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។

ទី៣ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានាធិបតីបារាំងថា កម្ពុជានៅតែរក្សាជំហរដោះស្រាយ ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា។

ជាមួយគ្នានេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ លែងជាបញ្ហាទ្វេភាគីហើយ តែជាបញ្ហាអន្តរជាតិយ៉ាងពិតប្រាកដ ដោយសារបញ្ហានេះ មានការជួយសម្របសម្រួលរបស់អាស៊ាន ការជួយសម្របសម្រួលពីអាមេរិក និងការជួយសម្របសម្រួលពីចិនផងដែរ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីដំណើរទៅចូលរួមកិច្ចប្រជុំកំពូល One Health Summit របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់ថា “អន្តរជាតិតូបនីយកម្មបានន័យថា ធ្វើឱ្យសំណុំរឿងមួយក្លាយជាបញ្ហាអន្តរជាតិ ត្រង់នេះដូចខ្ញុំបានលើកឡើងរួចហើយថា នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ មានតាំងពីដើមទីមក ការជួយសម្របសម្រួលរបស់អាស៊ាន ការជួយសម្របសម្រួលពីអាមេរិក”។ លោកបន្ថែមថា “ការជួយសម្របសម្រួលពីចិន ហេតុដែលមានអាស៊ានចូលរួម ហេតុដែលមានអាមេរិកចូលរួម ហេតុដែលមានចិនចូលរួមមានន័យថា បញ្ហាកម្ពុជា លែងជាបញ្ហាទ្វេភាគីទៀតហើយ វាជាបញ្ហាអន្តរជាតិច្បាសប្រកែកមិនបាន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី “សុខភាពតែមួយ” (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេសG7នៅឆ្នាំ២០២៦​។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់ សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏ទទួលបានឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទាន លើបញ្ហាសុខភាពសកលលោកផងដែរ។ សម្តេចបានចូលរួមកិច្ចពិភាក្សា ក្រោមប្រធានបទចំនួន៣ រួមមាន៖ ១.អភិបាលកិច្ច និងវិទ្យាសាស្ត្រ។ ២.ជំងឺឆ្លង និង៣. ជំងឺមិនឆ្លងថែមទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយ បញ្ហាសុខភាពសកលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here