ដោយៈ ចំណាន
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា កម្ពុជាប្រមូលប្រាក់បានជាង ២០០ លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ដោយកើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ស្របពេលការរកចំណូលពីការនាំចេញ ស្រូវសម្រេចបានជាង៤០០ លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) កាលពីចុងសប្តាហ៍មុនបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៣៦១,៥៧៨តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៥៨ ដោយនាំទៅកាន់គោលដៅចំនួន៥៦។
ទឹកប្រាក់ទទួលបានពីការនាំចេញអង្ករ គឺ២០៧,៥៤ លានដុល្លារ កើនឡើងពី១៦០,៥១ លានដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០២៥។
ប្រភពដដែលបានឲ្យដឹងទៀតថា គោលដៅទាំងនោះរួមមាន ប្រទេសចិន ប្រទេសក្នុងអាស៊ាន(៥ ប្រទេស) និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀត(អាហ្វ្រិក មជ្ឈឹមបូព៌ា)ផងដែរ។
ក្រៅពីនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ២,០០០,៦០០តោន ដោយគិតជាប្រាក់ប្រមាណ ៤៣៣,២៣លានដុល្លារ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ាឡាយ ឈុនហួ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីរដ្ឋាភិបាល ក្នុងន័យដើម្បីជួយបង្កើនភាពប្រកួតប្រជែង លើទីផ្សារអន្តរជាតិ។ ជាក់ស្តែងការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ បានកើនដល់ជាង៩០ម៉ឺនតោន បន្ទាប់ពីនៅទ្រឹងក្នុងរង្វង់៦០ ម៉ឺនតោនជាច្រើនឆ្នាំ។
ទោះយ៉ាងណា ខណៈដែលតម្លៃប្រេងឥន្ទនៈ នៅទីផ្សារអន្តរជាតិ រួមទាំងនៅកម្ពុជា បានបន្តកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ ខែមកនេះ លោក ឈុនហួ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ថា តម្លៃប្រេងម៉ាស៊ូតដែលកើនឡើង គឺកំពុងធ្វើឱ្យប៉ះពាល់ ដល់គ្រប់ជំហាននៃខ្សែសង្វាក់ស្រូវ អង្ករយ៉ាងស្ងៀមស្ងាត់ ដោយចាប់ពីវាលស្រែ រហូតដល់រោងម៉ាស៊ីនកិនស្រូវ និងបន្តរហូតដល់ទីផ្សារ។
លោកបញ្ជាក់ថា “ថ្លៃដឹកជញ្ជូនខ្ពស់ មានន័យថាប្រាក់ចំណេញទាបសម្រាប់កសិករ និងតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់។ នៅពេលដែលប្រេងឥន្ធនៈឡើងថ្លៃ បន្ទុកមិនធ្វើដំណើរតែម្នាក់ឯងទេ វាផ្ទុកទម្ងន់នៃវិស័យស្រូវអង្ករទាំងមូល”។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅអង្ករក្រអូបកម្ពុជាម៉ាក Golden King នឹងត្រូវដាក់លក់ជាផ្លូវការ នៅតាមបណ្ដាញលក់រាយចំនួន២៤៥ ទីតាំងក្នុងទីក្រុងហុងកុង ព្រមទាំងនៅទីផ្សារប្រទេសកម្ពុជាផងដែរ។
គម្រោងនេះកើតឡើង តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។ អង្ករក្រអូបកម្ពុជា(ប្រភេទផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World’s Best Rice) ចំនួន៧ លើក ដោយពានរង្វាន់ចុងក្រោយកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។
ក្រសួងអះអាងថា “សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល”៕









