អ្នកឧកញ៉ាលឹម ហេងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតហ្សីមបាវេ លើការផ្លាស់ប្តូរពាណិជ្ជកម្មនិងជម្រុញវិនិយោគ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ  អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ខនស្តានស៍ ឆេមវ៉ាយី (Constrance Chemwayi) ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ក្នុងឱកាសដែលលោកជំទាវបំពេញទស្សនកិច្ចនៅកម្ពុជា។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងសាធា​រណរដ្ឋស៊ីមបាវ៉េ និងព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកជំទាវបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកជំទាវពិតជាមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធកម្រិតអន្តរជាតិ ដូចជាអាកាសយានដ្ឋានអន្តរជាតិថ្មីជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីបំណងយ៉ាងមុតមាំក្នុងការជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ទំនាក់ទំនង និងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកជំទាវបានកត់សម្គាល់ថា កម្ពុជា និងស៊ីមបាវ៉េ មានលក្ខណៈស្រដៀងគ្នាជាច្រើន ទាំងសកម្មភាពសេដ្ឋកិច្ច កម្រិតនៃការអភិវ​ឌ្ឍ និងចំនួនប្រជាជន។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកជំទាវ បានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍អន្តរជាតិនៅប្រទេសស៊ីមបាវ៉េ ដែលគ្រោងនឹងប្រារព្ធឡើងនៅខែមេសា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងបានអញ្ជើញគណៈប្រតិភូធុរកិច្ចស៊ីមបាវ៉េ មកចូលរួមព្រឹត្តិការណ៍ធុរកិច្ចនៅកម្ពុជា នាពេលអនាគតផងដែរ។

លោកជំទាវ បានសង្កត់ធ្ងន់លើសក្ដានុពល នៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យកសិកម្ម ទេសចរណ៍ និងធនធានរ៉ែ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា លឹម ហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកឧកញ៉ា គាំទ្រពេញទំហឹងចំពោះគំនិត ផ្តួចផ្តើមក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកបញ្ជាក់ថា “សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយសភាពាណិជ្ជកម្មស៊ីមបាវ៉េ ដើម្បីពិនិត្យលទ្ធភាពក្នុងការឈានទៅចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា”។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងពិចារណាលើការដឹកនាំគណៈប្រតិភូធុរកិច្ច ទៅចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅស៊ីមបាវ៉េ តាមការអញ្ជើញរបស់លោកជំទាវ។

អ្នកឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគយ៉ាងសកម្ម ស្របតាមគោលនាយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានដៃគូសហការនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន ដែលមានសមាជិក១១ប្រទេស។ ដូច្នេះ ការភ្ជាប់ទំនាក់ទំនង ជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រៀបដូចជាការបើកច្រកទ្វារសេដ្ឋកិច្ច ទៅកាន់ទីផ្សារអាស៊ានទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here