ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហែម វណ្ណឌី បានថ្លែងថា សុវត្ថិភាពម្ហូបអាហារ ជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។
កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហែម វណ្ណឌី លើកឡើងថា សុវត្ថិភាពម្ហូបអាហារ គឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។ គោលដៅរបស់យើង គឺរៀបចំយន្តការជ្រើសរើស មន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង សម្រាប់វិភាគម្ហូបអាហារ ព្រមទាំងអាចទទួលបានការគាំទ្រ និងពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ភាពអនុលោម នៃមន្ទីរពិសោធន៍ទាំងនោះ។
សុវត្ថិភាពម្ហូបអាហារប៉ះពាល់ផ្ទាល់ ដល់សុខភាពអ្នកប្រើប្រាស់ និងទំនុកចិត្តទីផ្សារ ហើយការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដោយផ្អែកលើស្តង់ដារបច្ចេកទេស មានសារៈសំខាន់ ដើម្បីធានាថា មន្ទីរពិសោធន៍ទាំងនោះដំណើរការ និងផ្តល់លទ្ធផលវិភាគប្រកបដោយគុណភាព ភាពជឿជាក់ និងប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ ដល់សមាជិកគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ចំពោះការប្តេជ្ញាចិត្ត ព្រមទាំងបានណែនាំឱ្យលេខាធិការដ្ឋាន នៃគណៈកម្មាធិការ រៀបចំផែនការប្រចាំឆ្នាំ និងរបបប្រជុំទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ។
លោករដ្ឋមន្ត្រីបានរំលឹកថា ការវាយតម្លៃទទួលស្គាល់ជាតិ និងអន្តរជាតិនឹងដើរតួនាទីសំខាន់ ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគម្ហូបអាហារនៅកម្ពុជា ដែលនឹងបម្រើជាសសរស្តម្ភ សម្រាប់ការពារសុខភាពសាធារណៈ និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើផលិតផលម្ហូបអាហារនៅកម្ពុជា៕







