ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ (MOU)រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។
ពិធីចុះហត្ថលេខានេះ មានការចូលរួមផងដែរពីលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃEuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាងCADT និងEuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការ ក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី និងលោក Gabriele បានពិភាក្សានិងផ្លាស់ប្តូរយោបល់ នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)៕








