ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។
លោកបានចាត់ទុកពេលវេលា នៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងជីវិតការងាររបស់លោក និងមានមោទនភាព ដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។
លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា “រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត”។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់លោក ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។
សម្ដេចបវរធិបតីក៏បានរំឭកពីលទ្ធផលផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
សម្ដេចបវរធិបតីបានបញ្ជាក់ថា “កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើន ដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត”៕









