ដោយៈ ម៉ាណា
ភ្នំពេញៈ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន៦៩គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានចំនួន៦០បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន៩ផ្សេងទៀតបាន និងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។
របាយការណ៍ដដែលបានបន្តថា ក្នុងឆ្នាំ២០២៤ អតិថិជនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈកម្មវិធីបាគងមានចំនួន ៦៤២,៥ពាន់គណនី កើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះ ចំនួនអតិថិជនដែលមានគណនីធនាគារ/កាបូបអេឡិចត្រូនិក នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហើយអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង (Customer Reached) មានចំនួនប្រមាណ ៣០លានគណនី ដែលប៉ាន់ប្រមាណស្មើនឹង១,៦៩ដង នៃចំនួនប្រជាជនសរុប។
លើសពីនេះ ប្រព័ន្ធបាគងក៏មានមុខងារទូទាត់ តាមរយៈខេអេចយ្យូអរកួត (KHQR Code) សម្រាប់ការទូទាត់នៅកម្ពុជាផងដែរ។
គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គ្រឹះស្ថានធនាគារបានចុះឈ្មោះពាណិជ្ជករទទួលការទូទាត់តាម ខេអេចយ្យូអរកូត មានប្រមាណ ៤,៥ លានគណនី កើនឡើង៣៦,៤ភាគរយ ធៀបនឹងចុងឆ្នាំ២០២៣។
អ្នកវិភាគសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានលើកឡើងថា និន្នាការនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា(ប្រព័ន្ធបាគង) បានទទួលការពេញនិយមកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន ពិសេសអ្នកនៅតាមទីប្រជុំជនដែលមានសេវាអ៊ីនធឺណិតដំណើរការល្អ។
ការប្រើប្រាស់វិធីសាស្រ្តទូទាត់តាមប្រព័ន្ធបាគង បានផ្តល់ផលចំណេញយ៉ាងច្រើនទៅដល់ប្រជាជន និងរដ្ឋាភិបាល។
លោកបានពន្យល់ថា ប្រជាជនការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធបាគង គឺធ្វើឱ្យពួកគេមានភាពងាយស្រួល ដោយពួកគេមិនចាំបាច់ដាក់ក្រដាសប្រាក់ជាប់ខ្លួនច្រើនៗ ដូចពីពេលមុនឡើយ។ ការទូទាត់មានភាពឆាប់រហ័ស, មិនមានការបារម្ភពិប្រាក់ក្លែងក្លាយ ព្រមទាំងកាត់បន្ថយការឆ្លងជំងឺមួយចំនួនពីតាមរយៈក្រដាសប្រាក់។
ចំណែករដ្ឋាភិបាល គឺអាចកាត់បន្ថយការចំណាយ លើថ្លៃបោះពុម្ភក្រដាសប្រាក់ និងមានភាពងាយស្រួល ក្នុងការត្រួតពិនិត្យប្រតិបត្តិការផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយឬច្រើន៕