ដោយៈ និស្ស័យ
ភ្នំពេញៈ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោង ចូលរួម កិច្ចប្រជុំអន្តរក្រសួងស្ដីពី បេសកម្មបច្ចេកទេសរបស់ធនាគារពិភពលោក (WB) សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ មន្ត្រីជំនាញនៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ និងក្រុមការងាររបស់ធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Katelijn van den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារបេសកកម្ម។
បន្ទាប់ពីប្រជុំអន្តរក្រសួង លោករស់ វណ្ណាក៏បានជួបពិភាក្សាទ្វេរភាគីជាមួយក្រុមការងារ ធនាគារពិភពលោក(WB) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានធ្វើឡើង ចាប់តាំងពីបេសកកម្មចុងក្រោយ របស់ក្រុមការងារធនាគារពិភពលោក ក្នុងខែធ្នូ ឆ្នាំ២០២៤ និងពិភាក្សាអំពីសកម្មភាពសំខាន់ៗ ដែលបានព្រមព្រៀងគ្នា ដើម្បីបង្កើននូវវឌ្ឍនភាពនៃការអនុវត្តគម្រោងបន្ត និងពិនិត្យលើវឌ្ឍនភាពនៃការបញ្ចប់ផែនការ កំណត់ទីតាំង និងការរៀបចំបោះបង្គោលផ្លូវចូលទីលានទុកដាក់សំរាម សម្រាប់ខេត្តសៀមរាប និងខេត្តកណ្តាល៕