ដោយៈ គង់ សិរីម៉ាណា
ភ្នំពេញៈ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) លោក Anthony Gillបានបញ្ជាក់ពីជំហររបស់ធនាគារនេះ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ការថ្លែងបែបនេះរបស់ថ្នាក់ដឹកនាំធនាគារADB ក្នុងពេលជួបពិភាក្សាការងារជាមួយលោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាកាលពីដើមសប្តាហ៍នេះ។
កិច្ចប្រជុំពិភាក្សានេះជាផ្នែកមួយនៃម្មវិធី Country Programming Mission ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅការិយាល័យADB។
នៅក្នុងកិច្ចប្រជុំនេះ លោក Anthony Gill បានជម្រាបជូនពីគម្រោងរបស់ ADB ដែលមានរយៈពេល៤ឆ្នាំ (ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨) ដែលនឹងរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយមួយផ្នែកនៃគម្រោងនោះ ផ្តោតលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកទេសាភិបាលរង បានជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តគម្រោងមួយចំនួនដែលធនាគារជាតិនៃកម្ពុជា ទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីADB ព្រមទាំងបានថ្លែងអំណរគុណ ADB ដែលតែងតែបន្តគាំទ្រ ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា៕