ទេសាភិបាលធនាគារជាតិៈសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច

ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ និស្ស័យ

    ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចហើយសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះ សមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹង ផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាពរបស់អ្នកប្រកបមុខរបរ និងធ្វើការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិតនៅឡើយ ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅវិទ្យាស្ថា​នសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៣មេសានេះ លោកស្រីបណ្ឌិតជា សិរីបានបន្តថា ជាការពិតណាស់សេដ្ឋកិច្ច ក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទិន្នន័យរបស់ World Economic សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ៤៩,១% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលបានផ្តល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើនរួមមាន កង្វះខាត ទទួលបានសេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិជាដើម។

លោកស្រីបណ្ឌិតបានបន្ថែមថា ការជំរុញ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងវិស័យផ្លូវការ តាមរយៈការចុះឈ្មោះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រកបអាជីវកម្ម និងធ្វើការងារ ក្នុងការទទួល បាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្តុះបណ្តាលជំនាញជាដើម។

ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការមួយចំនួន សំដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូល ក្នុងប្រព័ន្ធ ដើម្បីទទួលបាន ហិរញ្ញប្បទាន ព្រមទាំងការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាព ឱ្យកាន់តែទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ក្នុង ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងចៀសវាងការប្រើប្រាស់មិនចំគោលដៅ ដែលបង្កើតជាហានិភ័យ បំណុលលើសលុប។

ជាមួយគ្នានេះ លោក ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបានថ្លែងថា “ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមបន្ថែម ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានឹងការចូលរួមដោយផ្ទាល់ ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម”។

លោករដ្ឋមន្ត្រីបានបន្តថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។ ​

បន្ថែមពីលើនេះ លោកស្រីបណ្ឌិតជា សិរី បានកត់សម្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹងនិងសមត្ថភាពក្នុងការយល់ដឹងអំពី ដំណើរការសន្សំនិងការចាយវាយប្រចាំថ្ងៃ។ គោលដៅចម្បង របស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺការ អប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់ អំពីការសន្សំប្រាក់និងការវិនិយោគ ដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត។ ​

លោកស្រីបណ្ឌិតបន្ថែមទៀតថា តាមរយៈសិក្ខាសាលាថ្ងៃនេះ យើងមានគោលបំណងជំរុញ ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីគោលការណ៍ហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការគ្រប់គ្រង ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ហើយយើងក៏អាចបង្កើតវេទិកា ដែលអាចអនុញ្ញាតឱ្យបុគ្គល នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមយ៉ាងសកម្ម នៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជាមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះតាមរយៈថ្នាលឌីជីថចំនួន៤៦​៥៧៣ ក្នុងនោះកម្មករ-និយោជិតចំនួន២២១៧ សហគ្រាសធុនមីក្រូចំនួន១​៣៦២ និងបុគ្គលស្វ័យនិយោជន៍ចំនួន៤២,​៩៩៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here