ដោយ: គង់ លាងហួរ
អន្តរជាតិ: គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ Travel Off Path របស់សហរដ្ឋអាមេរិក បានដាក់បញ្ចូលរាជធានីភ្នំពេញជាគោលដៅចំណាយតិចបំផុតទាំង៥ នៅតំបន់អាស៊ីសម្រាប់ក្រុមអ្នកធ្វើការផ្នែកឌីជីថលជាជនជាតិអាមេរិក (Digital nomad) នៅក្នុងឆ្នាំ២០២៥នេះ។
គេហទំព័រ Travel Off Path បានលើកឡើងថា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានច្របាច់បញ្ចូលគ្នានូវភាពទាក់ទាញ និងបេតិកភណ្ឌ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ជាមួយនឹងការដើរលេងកំសាន្តនៅតាមមាត់ទន្លេ។ រាជធានីភ្នំពេញជាទីក្រុងដ៏មមាញឹក និងពោរពេញទៅដោយកន្លែងញ៉ាំអាហារបែបសាមញ្ញ។
ដូច្នេះ ប្រសិនបើលោកអ្នកធន់ទ្រាន់នឹងទីក្រុងធំៗ រាជធានីភ្នំពេញជាជម្រើសដ៏ល្អ ព្រោះថា រាជធានីភ្នំពេញជាទីក្រុងដ៏តូចមួយនៅតំបន់អាសុី ដែលមានចំនួនប្រជាជនប្រមាណ២,៥លាននាក់ និងសម្បូរទៅដោយឧទ្យានជាច្រើន។នេះបើយោងតាមគេហទំព័រ Travel Off Path។
លើសពីនេះ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចំណាយប្រាក់ត្រឹមតែ៥ដុល្លារ ក៏អាចទទួលបានអាហារដ៏ឆ្ងាញ់ពិសានៅក្នុងភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញផងដែរ ហើយការជួលអាផាតមុិនតាមរយៈក្រុមហ៊ុនកក់ទីតាំងស្នាក់នៅ Airbnb ដែលបំពាក់ដោយគ្រឿងសង្ហារឹម មានតម្លៃចាប់ពី៥៨៩ដុល្លារ។
គេហទំព័រ Travel Off Path គូសបញ្ជាក់ថា ក្រុមអ្នកធ្វើការផ្នែកឌីជីថល (Digital nomad) ចូលចិត្តស្វែងរកបទពិសោធន៍វប្បធម៌ និងគោលដៅដែលមានអាកាសធាតុល្អ និងមិនចូលចិត្តតំបន់សម្បូរមនុស្សច្រើននៅទ្វីបអឺរ៉ុបខាងត្បូង។
ក្រុមអ្នកធ្វើការផ្នែកឌីជីថលក៏មានការព្រួយបារម្ភផងដែរអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់់ពួកគេនៅតំបន់អាមេរិកឡាទីន ឬការចំណាយខ្ពស់លើការរស់នៅក្នុងតំបន់សមុទ្រការាបៀន។ ដូច្នេះ តំបន់អាស៊ីជាជម្រើសយ៉ាងល្អឥតខ្ចោះ ដោយសារការចំណាយតិច។
គោលដៅចំណាយតិចបំផុតចំនួន៤ផ្សេងទៀត រួមមានដូចជា ទីក្រុងឈៀងម៉ៃក្នុងប្រទេសថៃ ទីក្រុង Makassar ក្នុងប្រទេសឥណ្ឌូនេសុី រួមទាំងទីក្រុង Hoi An និងទីក្រុង Da Nang របស់ប្រទេសវៀតណាម៕ប្រភព: Vnexpress៕