លោកជំទាវ ជា សិរីលើកឡើងពីមខព្រួញសំខាន់ៗដែលធនាគារកណ្តាលត្រូវអនុវត្តន៍ក្នុងសន្និសីទអន្តរជាតិ

ដោយៈសិរី ម៉ាលីនណា

    អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសា​ភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០។

សន្និសីទប្រចាំឆ្នាំនេះ ផ្តោតលើប្រធានបទសំខាន់ៗ ដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជា ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ច​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន១៨ផ្សេងទៀត លោកជំទាវ ទេសា​ភិបាល បានលើកឡើងពីសម្ពាធលើឯករាជ្យភាព របស់ធនាគារកណ្តាល ក្នុងការអនុវត្ត និងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។

មុខព្រួញទី១គឺការទប់ស្កាត់ ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខាន ក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាម និងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើន ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ច កំពុងមានល្បឿនយឺតស្រាប់។

មុខព្រួញទី២ ធនាគារកណ្តាលក្នុងប្រទេស កំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះនឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើង ពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើន ក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត(AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here