ហ្សាការតាៈ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ដំណើរការគម្រោងទិដ្ឋាការរយៈពេលវែង ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស(FDI)។

គំនិតផ្តួចផ្តើមផ្តល់ទិដ្ឋាការរហូតដល់១០ឆ្នាំ ដល់វិនិយោគិន ក្នុងគោលបំណងទាក់ទាញ ការវិនិយោគសំខាន់ៗ ចូលទៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។
គម្រោងថ្មី ទិដ្ឋាការមាស ផ្តល់ជម្រើសសំខាន់ពីរសម្រាប់អ្នកវិនិយោគ៖ ទិដ្ឋាការប្រាំឆ្នាំ និងទិដ្ឋាការដប់ឆ្នាំ។ ដើម្បីទទួលបានទិដ្ឋាការរយៈពេលប្រាំឆ្នាំ អ្នកវិនិយោគត្រូវតែបង្កើតក្រុមហ៊ុន ដែលមានតម្លៃយ៉ាងហោចណាស់ ក្នុងទឹកប្រាក់ចំនួន២.៥លានដុល្លារ។
សម្រាប់ទិដ្ឋាការរយៈពេលដប់ឆ្នាំ តម្រូវការគឺការវិនិយោគ ៥លានដុល្លារ។
សម្រាប់អ្នកដែលមិនចាប់អារម្មណ៍ ក្នុងការបង្កើតក្រុមហ៊ុន បុគ្គលម្នាក់ៗអាចទទួលបាន ការអនុញ្ញាតរយៈពេលប្រាំឆ្នាំ ដោយវិនិយោគ៣៥០,០០០ដុល្លារ ឬប័ណ្ណអនុញ្ញាតរយៈពេលដប់ឆ្នាំ ជាមួយនឹងទុនវិនិយោគ៧០០,០០០ដុល្លារ។
មូលនិធិទាំងនេះ អាចត្រូវបានតម្រង់ឆ្ពោះ ទៅរកមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ជាប្រាក់បញ្ញើ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍បញ្ជាក់ថា ទិដ្ឋាការមានគោលបំណងទាក់ទាញអ្នកធ្វើដំណើរដែលមានគុណភាពល្អ។ លោកបានបញ្ជាក់ថា យើងកំពុងដាក់ដំណើរការទិដ្ឋាការមាស ដើម្បីបង្កភាពងាយស្រួលសម្រាប់ជនបរទេស ក្នុងការវិនិយោគ និងចូលរួមចំណែកក្នុងប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ លោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់ Reuters ថា ចាប់តាំងពីដំណាក់កាលសាកល្បង បានចាប់ផ្តើមកាលពីឆ្នាំមុន ប្រទេសនេះ បានផ្តល់ទិដ្ឋាការមាស ដល់បេក្ខជនជិត៣០០នាក់ ដោយនាំមកនូវការវិនិយោគ ក្នុងទឹកប្រាក់ចំនួន១២៣លានដុល្លារ។
លោក Karim បានបង្ហាញឱ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ីកំពុងពិចារណាផ្តល់ឋានៈពិសេស សម្រាប់ជនបរទេសដែលមានដើមកំណើតឥណ្ឌូនេស៊ី។ គំនិតផ្តួចផ្តើមនេះ នឹងត្រូវបានយកគំរូតាមកម្មវិធីស្តីពី សញ្ជាតិឥណ្ឌានៅបរទេស (OCI) ដែលអនុញ្ញាតឱ្យបុគ្គល ដែលមានដើមកំណើតឥណ្ឌា អាចរស់នៅ ធ្វើការ និងធ្វើដំណើរក្នុងប្រទេសឥណ្ឌា ដោយគ្មានកំណត់។ ស្ថានភាពពិសេសអាចមាននៅខែតុលា។
ផែនការផ្តល់ឋានៈពិសេស សម្រាប់ជនបរទេសដែលមានដើមកំណើតឥណ្ឌូណេស៊ី ឆ្លើយតបនឹងការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនកាន់លិខិតឆ្លងដែនពីរ។ ដូច្នេះការបង្កើនភាពចល័តជាសកល និងការតភ្ជាប់ទៅកាន់ស្រុកកំណើត ដូនតារបស់ពួកគេ៕







