ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបង្ហាញថា កំណើនចំនួនអ្នកមានការងារធ្វើក្នុងខែមិថុនានៅសហរដ្ឋអាមេរិកបានកើនឡើងទាបជាងការរំពឹងទុក ដែលនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចុះ ហើយការណ៍នេះក៏អាចធ្វើឱ្យតម្រូវការប្រេងនៅអាមេរិកថយចុះផងដែរ។
តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៣០សេន មកនៅត្រឹម៨៧,០៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣២សេនមកនៅត្រឹម៨៣,៥៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT។
យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានចូលមកដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ដោយសារពួកគេពុំមានការងារធ្វើ បានកើនឡើងចំនួន៤.០០០នាក់បន្ថែមទៀតឡើងដល់២៣៨.០០០នាក់ កាលពីសប្តាហ៍មុនដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែមិថុនាកន្លងទៅ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧២,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះយ៉ាងគំហុកមកនៅត្រឹម១០៥,៣១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបានបង្កើនការរំពឹងទុកចំពោះឱកាសនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅខែកញ្ញាខាងមុខ ក្រោយពីចេញផ្សាយរបាយការណ៍ទីផ្សារការងារខាងលើរួចមក។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៨៨ភាគរយគិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,២៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,០២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៦ភាគរយ៕