ដោយៈ ម៉ាលីនណា
អន្តរជាតិៈ បណ្តាថ្នាក់ដឹកនាំធនាគារកណ្តាល នៃប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ សិង្ហបូរី និងហ្វីលីពីនកំពុងធ្វើការរួមគ្នាដើម្បីចាប់ផ្តើមវេទិកាទូទាត់ប្រាក់ លើការលក់រាយឆ្លងព្រំដែនភ្លាមៗនៅឆ្នាំ២០២៦។ នេះបើយោងតាមធនាគារនៃការទូទាត់អន្តរជាតិ (BIS) បានឲ្យដឹងកាលពីថ្ងៃចន្ទ។
BISបានឲ្យដឹងថា ធនាគារកណ្តាលរបស់ធនាគារកណ្តាលទាំងនេះ មានគោលបំណងភ្ជាប់ ប្រព័ន្ធទូទាត់ឌីជីថលភ្លាមៗរបស់ប្រទេសនីមួយៗ ដូចជា United Payment Interface (UPI) របស់ប្រទេសឥណ្ឌា និង PayNow របស់សិង្ហបុរី ដែលជាផ្នែកមួយនៃគម្រោង Nexus ដែលជាគំនិតផ្តួចផ្តើមរបស់ខ្លួន ដើម្បីបង្កើនការទូទាត់ឆ្លងប្រទេស។
ស្ថាប័នដដែលនេះបានបន្តថា ប្រទេសឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀត នឹងក្លាយជាសមាជិកស្ថាបនិក នៃវេទិកានេះ ខណៈដែលឥណ្ឌូនេស៊ី នឹងបម្រើជាអ្នកសង្កេតការណ៍ពិសេស។
លោក Agustin Carstens អ្នកគ្រប់គ្រងទូទៅនៃ BIS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទោះបីជាគ្រាន់តែជារលកដំបូង នៃបណ្តាប្រទេសដែលបានតភ្ជាប់ក៏ដោយ Nexus មានសក្តានុពល ក្នុងការតភ្ជាប់ទីផ្សារនៃមនុស្ស១.៧ពាន់លាននាក់នៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យពួកគេធ្វើការបង់ប្រាក់ភ្លាមៗទៅកាន់គ្នាទៅវិញ ទៅមកយ៉ាងងាយស្រួល និងមានតម្លៃសមរម្យ៕







