ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)កំពុងថយចុះជាលំដាប់នាពេលថ្មីៗនេះ ដោយសារអតិផរណានៅតែមានកម្រិតខ្ពស់។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០១%ដល់២៣៨២,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤១ភាគរយដល់២៣៩៧,៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:០០នាទីព្រឹក។
យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា នៅក្នុងខែមីនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៣% ដែលការណ៍នេះបានដាក់សម្ពាធទៅលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា តម្លៃមាសនឹងបន្តហក់ឡើងខ្ពស់ ប្រសិនបើភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា នៅតែបន្តកើនឡើងកំដៅ ប៉ុន្តែ ប្រសិនបើកំដៅភាពតានតឹងថយចុះ នោះទីផ្សារនឹងងាកទៅផ្តោតលើគោលជំហរលើគោលនយោបាយរបស់ធនាគារ Fed ។ វាច្បាស់ណាស់ថា ធនាគារ Fed នឹងមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះនោះទេ”។
ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់១០៦,៣៣ពិន្ទុ នៅថ្ងៃពុធនេះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៤ភាគរយដល់២៨,០៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៧ភាគរយដល់៩៥៥,៣៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៩ភាគរយដល់១០១៧,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:០៥នាទីព្រឹកថ្ងៃពុធនេះ៕