ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ គណៈប្រតិភូមកពីខេត្តក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិនជាង៦០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសូងពាណិជ្ជកម្មក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
គណៈសម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប និងប្រតិភូខាងលើ ត្រូវបានដឹកនាំដោយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន។
លោក Jonathan K.S. Choi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបរូបលោក និងគណៈប្រតិភូទាំងអស់ ហើយលោកក៏បានលើកឡើងពីគោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគ លើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។
ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាវិនិយោគិន ក៏បានស្នើសុំការបញ្ជាក់ចំពោះលក្ខខណ្ឌ នៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Jonathan K.S. Choi រួមទាំងគណៈប្រតិភូចិនគ្រប់រូប ដែលបានអញ្ជើញមកដល់ទីស្ដីការក្រសួងពាណិជ្ជកម្ម ក៏ដូចជាបានមកបំពេញទស្សនកិច្ចដោយផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបង្ហាញនូវការសាទរ និងគាំទ្រចំពោះគោលបំណង និងចំណាប់អារម្មណ៍របស់គណៈប្រតិភូទាំងអស់ ក្នុងការវិនិយោគលើវិស័យជាច្រើន ក្នុងប្រទេសកម្ពុជា ក្នុងបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា បន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន ក៏ដូចជា ធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោង ដែលបានលើកឡើងពីខាងដើមនេះ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផល ប្រកបដោយប្រសិទ្ធភាព។
លោកជំទាវបន្តថា ក្រសួងពាណិជ្ជកម្មរីករាយ ក្នុងការសហការ និងជួយសម្របសម្រួលជូន ដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ បានកាន់តែច្រើនឡើងបន្ថែមទៀត៕