ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា អត្រាទុកទំនេរចោលនៃការិយាល័យកម្រិតA និងកម្រិតB នៅក្នុងទីក្រុងហូជីមិញ បានធ្លាក់ចុះ នៅក្នុងត្រីមាសទី១។
អត្រាទុកទំនេរចោល នៃការិយាល័យកម្រិតA ស្ថិតក្នុងរង្វង់១៦,៧% ធ្លាក់ចុះ១,៩% ខណៈអត្រាទុកទំនេរចោល នៃការិយាល័យកម្រិតB ស្ថិតក្នុងរង្វង់៩% ធ្លាក់ចុះ២,៣ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។
បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថ្លៃជួលការិយាល័យកម្រិត A ប្រចាំខែជាមធ្យម បានកើនឡើង០,៣%ដល់៥៨,០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈថ្លៃជួលការិយាល័យកម្រិតB បានកើនឡើង០,៥% ដល់៣៤,៣១ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ របាយការណ៍ពីក្រុមហ៊ុនKnight Frank បានបង្ហាញទៀតថា ម្ចាស់អគារការិយាល័យនានា បានចុះហត្ថលេខាលើកិច្ចសន្យាជួលធំៗជាច្រើន នៅក្នុងកំឡុងត្រីមាសទី១កន្លងទៅ។
តួយ៉ាងអតិថិជនភាគច្រើន បានជួលការិយាល័យចាប់ពី២.០០០ ទៅដល់១០.០០០ម៉ែត្រការ៉េ នៅក្នុងអគារការិយាល័យលំដាប់A ឈ្មោះThe Nexus ដែលបានបើកដំណើរការ នៅក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ។
ចំណែក អគារការិយាល័យកម្រិតB ឈ្មោះOfficeHaus ស្ថិតនៅស្រុក Tan Phu ក្នុងទីក្រុងហូជីមិញ ក៏ទទួលបានកិច្ចសន្យាជួលទំហំ១០.០០០ម៉ែត្រការ៉េផងដែរ។
លោក Leo Nguyen នាយកផ្នែកគ្រប់គ្រងយុទ្ធសាស្ត្រ និងដំណោះស្រាយនៃក្រុមហ៊ុន Knight Frank Vietnam បានមានប្រសាសន៍ឱ្យដឹងថា “ត្រឹមតែត្រីមាសទី១ យើងសង្កេតឃើញមានប្រតិបត្តិការ ជួលការិយាល័យចំនួន៣ ដែលមានទំហំជាង១០.០០០ម៉ែត្រការ៉េ ហើយនេះគឺជារឿងដ៏កម្រកើតឡើងណាស់”។
លោកបានបញ្ជាក់បន្ថែមថា អគារការិយាល័យថ្មីភាគច្រើន សម្រេចបានអត្រាគ្របដណ្តប់ នៃការជួលចន្លោះពី៧០ ទៅដល់៨០ភាគរយ ជាការស្ទុះងើបយ៉ាងលឿន បន្ទាប់ពីអគារទាំងនោះ ត្រូវបានបើកដំណើរការភ្លាមៗរួចមក៕ប្រភព:Vnexpress៕