ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោកស៊ូ សុជាតិ បានទទួលជួបប្រជុំជាមួយលោក Eric Lim នាយកប្រតិបត្តិក្រុមហ៊ុន Universal Alliance និងលោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM Holdings ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើម ក្នុងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ។
លោកស៊ូ សុជាតិ និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរខាងលើ បានពិភាក្សាអំពីគំនិតផ្តួចផ្តើម ក្នុងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ រួមមានការផ្សព្វផ្សាយ អំពីសក្តានុពលនៃវិស័យមូលបត្រ និងការទាក់ទាញវិនិយោគិនជាតិនិងអន្តរជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរំហូរមូលធនវិនិយោគចូលមកកម្ពុជា តាមរយៈយន្តការទីផ្សារមូលបត្រ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕