ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ ជាកំពុលមហាសេដ្ឋីមួយរូប ក្នុងចំណោម១០រូបលើពិភពលោក លោកWaren Buffett ត្រូវបានគេសា្គល់ជាទូទៅថា ជាអ្នកជំនួញដ៏ឆ្នើម និងវិនិយោគលើច្រើនវិស័យ។
តើអ្វីជាយុទ្ឋសាស្រ្តទាំង៨របស់លោក ដែលលោកបានវិនិយោគលើផ្សារហ៊ុន?។
១. មើលហ៊ុនណាដែលចំណុចសុវត្ថិភាព
ចំណុចសុវត្ថិភាព(Margin of safety) គឺជួយការពារអ្នកពីការខាតបង់លុយពេលវិនិយោគហ៊ុន។ ឧទាហរណ៍ បើហ៊ុនមួយត្រូវបានគេជួញដូរលើផ្សារហ៊ុន មានតម្លៃ២ដុល្លារក្នុងមួយហ៊ុន តែតម្លៃពិតប្រាកដ( Intrinsic value) មានតម្លៃ៥ដុល្លារក្នុងមួយហ៊ុននោះ បើក្រុមហ៊ុនឈប់រកស៊ី ឬក្ស័យធន យើងជាអ្នកកាន់ហ៊ុនចំណេញបាន៣ដុល្លារ ពោលគឺយើងមិនខាតបង់ឡើយ។
២. ផ្ដោតលើហ៊ុនរឹងមាំ
គាត់ផ្ដោតលើការទិញហ៊ុន ដែលរឹងមាំហើយតម្លៃធូថ្លៃល្អ។ គាត់មិនទិញក្រុមហ៊ុនណា ដែលដើរទាំងត្រដាបត្រដួសនោះទេ បើទោះជាហ៊ុននោះ មានតម្លៃធូរថ្លៃយ៉ាងណាក៏ដោយ។
៣. មិនតាមហ្វូងចៀម
មហាសេដ្ឋីរូបនេះគាត់ថា កុំវិនិយោគទិញហ៊ុនតាមគេតាមឯង។ អ្នកត្រូវមានផែនការច្បាស់លាស់ កុំចេះតែទិញលក់តាមគេតាមឯង តែត្រូវមានទំនុកចិត្ត និងផែនការវិនិយោគច្បាស់សម្រាប់ខ្លួនឯង។
៤. កុំស្លន់ស្លោពេលទីផ្សារប្រែប្រួល
មនុស្សតែងតែស្លន់ស្លោ ពេលទីផ្សារធ្លាក់ចុះ ប៉ុន្ដែ Warren Buffett ថាជាឱកាសរបស់គាត់ពេលទីផ្សារចុះក្បាលចុះ ព្រោះគាត់អាចទិញហ៊ុនបានក្នុងតម្លៃធូរថ្លៃល្អ។ ដូច្នេះពេលទីផ្សារធ្លាក់សូមជ្រើសរើសក្រុមហ៊ុនរឹងមាំ ហើយទិញតាមលទ្ធភាព អ្នកនឹងទិញហ៊ុនបានធូថ្លៃប្រើថ្លៃដើមតិច។
៥. ប្រកាន់យកគោលការណ៍វិនិយោគរយៈពេលវែង
គាត់មិនទិញហ៊ុនរំពឹងថា សប្ដាហ៍នេះ ខែនេះ ឆ្នាំវានឹងឡើងថ្លៃនោះ ប៉ុន្ដែគាត់ទិញហ៊ុនហើយកាន់រយៈពេលវែង។ មិនមែនគាត់ទិញហ៊ុនមិនលក់នោះទេ ពោលគឺគាត់ទិញលក់តាមស្ថានការណ៍ ប៉ុន្ដែជាគោលការណ៍ គឺវិនិយោគរយៈពេលវែង។
មហាសេដ្ឋីលំដាប់កំពូលរូបនេះបាននិយាយថា” បើអ្នកមិនអាចកាន់ហ៊ុនបាន១០ឆ្នាំទេនោះ កុំចង់កាន់ហ៊ុនត្រឹមតែ១០នាទី”។
៦. រៀនពីមូលដ្ឋានគ្រឹះនៃការវិនិយោគជាមួយគុណតម្លៃ
គាត់ជាអ្នកវិនិយោគជាមួយគុណតម្លៃ(Value Investor)។ វិនិយោគជាមួយគុណតម្លៃត្រង់នេះ គឺស្វែងរកតម្លៃពិតប្រាកដរបស់ក្រុមហ៊ុន។ មានហ៊ុនខ្លះ តម្លៃហ៊ុនជួញដូរលើផ្សារហ៊ុន ទាបជាងតម្លៃហ៊ុនប្រាកដរបស់ក្រុមហ៊ុន ហើយគាត់តែងតែទិញក្រុមហ៊ុនបែបនេះ។
៧. យល់ពីលុយ បង្កើតលុយ
យុទ្ធសាស្រ្តលុយ បង្កើតលុយ ធ្វើឲ្យគាត់អាចកសាងទ្រព្យដល់សព្វថ្ងៃ។ ត្រង់នេះពេលអ្នកវិនិយោគចំណេញ អ្នកយកប្រាក់ចំណេញទៅវិនិយោគបន្ត ហើយធ្វើវាដដែលៗ នោះអ្នកគាត់អ្នកនឹងឃើញថាទ្រព្យអ្នកនឹងកើនឡើងជាលំដាប់។
ឧទាហរណ៍ អ្នកវិនិយោគ១ពាន់ដុល្លារឆ្នាំនេះ ចំណេញ១០% នោះលុយអ្នកកើនដល់១១០០ដុល្លារ ហើយយកលុយ១១០០ទៅវិនិយោគបន្តទៀត នោះឆ្នាំក្រោយលុយរបស់អ្នក នឹងកើនដល់១,២១០ដុល្លារ។
៨. ធ្វើការស្រាវជ្រាវនិងឆ្លុះបញ្ចាំង
លោកWarren Buffett ចំណាយពេលច្រើន ក្នុងការអានសៀវភៅ និងស្រាវជ្រាវក្នុងអាជីពវិនិយោគរបស់លោក ពោលគឺគាត់ចំណាយ៨០% នៃពេលវេលាប្រចាំថ្ងៃលើការអាន។
លោកបញ្ជាក់ថា “ការវិនិយោគដែលល្អបំផុត គឺវិនិយោគលើចំណេះដឹង ហើយភាគជោគជ័យរបស់គាត់ គឺចេញពីការវិនិយោគលើចំណេះដឹងនេះហើយ”៕







