ដោយៈ តែម សុខុម
ញូវដេលី: ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុនយក្សអាមេរិកApple បានដកខ្លួនចេញពីកិច្ចព្រមព្រៀងតម្លៃ១៩,៥ពាន់លានដុល្លារ ដែលខ្លួនបានព្រមព្រៀង ជាមួយជាមួយក្រុមហ៊ុនរុករករ៉ែឥណ្ឌា Vedanta ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសឥណ្ឌា។
ចំណាត់ការនេះ ធ្វើឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសគម្រោងសាងសង់ រោងចក្រខាងលើនៅក្នុងរដ្ឋហ្គូចារ៉ាត (Gujarat) ដែលជាស្រុកកំណើត របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

អ្នកវិភាគខ្លះនិយាយថា ការដកខ្លួនចេញនេះ បង្ហាញពីការដើរថយក្រោយ ចំពោះគោលដៅឧស្សាហកម្ម បច្ចេកវិទ្យារបស់ប្រទេសឥណ្ឌា។ទោះជាយ៉ាងណា រដ្ឋមន្ត្រីឥណ្ឌា មួយរូបលើកឡើងថា វានឹងមិនបង្កផលប៉ះពាល់ដល់មហិច្ឆតា ផលិតបន្ទះឈីបរបស់ប្រទេសឥណ្ឌា នោះឡើយ។
ក្រុមហ៊ុន Foxconn ដែលមានការិយាល័យកណ្តាល នៅកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ថា “ភាគីទាំងពីរពិតជាបានទទួលស្គាល់ថា គម្រោងនេះមិនដំណើរការបានលឿន គ្រប់គ្រាន់នោះទេ។ មានគម្លាតដ៏លំបាក ដែលយើងមិនអាចជម្នះបានដោយរលូន ក៏ដូចជាបញ្ហាខាងក្រៅ ដែលមិនទាក់ទងនឹងគម្រោងនេះ”។
នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា នេះ ក្រុមហ៊ុន Foxconn បានប្រាប់សារព័ត៌មានBBCថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយមានការ “ព្រមព្រៀងគ្នាទៅវិញទៅមក” ជាមួយក្រុមហ៊ុន Vedanta ដែលបានកាន់កាប់ទាំងស្រុងនូវការបណ្តាក់ទុននេះ៕ BBC៕







