ដោយៈ តែម សុខុម
ម៉ូស្គូ: មេដឹកនាំបេឡារុសទម្លាយឱ្យដឹងថា លោក Yevgeny Prigozhin មេបញ្ជាការនៃក្រុមទាហានស៊ីឈ្នួល Wagner ដែលធ្លាប់ដឹកនាំការបះបោររយៈពេលខ្លី ក្នុងប្រទេសរុស្ស៊ី ដើម្បីទម្លាក់លោក វ៉្លាឌីមៀ ពូទីន ចេញពីអំណាចកាលពីខែមុននោះ ពេលនេះស្ថិតនៅក្នុងប្រទេសរុស្ស៊ី មិនមែនបេឡារុសឡើយ។
កន្លែងលាក់ខ្លួនរបស់មេទាហានស៊ីឈ្នួល Yevgeny Prigozhin ស្ថិតនៅជាអាថ៌កំបាំង ចាប់តាំងពីមានការបះបោរនោះមក។
ក្រោមកិច្ចព្រមព្រៀង បញ្ចប់ការប្រឈមមុខដាក់គ្នា ផ្នែកយោធា ការចោទប្រកាន់ប្រឆាំង នឹងមេទាហានស៊ីឈ្មួល Yevgeny Prigozhin ត្រូវបានទម្លាក់ ហើយមានការស្នើសុំឱ្យគាត់ និងកូនទាហានរបស់គាត់ ធ្វើដំណើរចូលទៅក្នុងប្រទេសបេឡារុស។

ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា មេដឹកនាំនៃប្រទេសបេឡារុស លោកAlexander Lukashenko បញ្ជាក់ថា “និយាយពីលោក Prigozhin គឺគាត់ស្ថិតនៅក្នុងទីក្រុង St Petersburg (រុស្ស៊ី)។ គាត់មិននៅលើទឹកដីនៃប្រទេសបេឡារុស ឡើយ”។
ជាការឆ្លើយតបទៅនឹងលើកឡើង របស់មេដឹកនាំបេឡារុស លោក Alexander Lukashenko វិមានក្រឹមសឡាំង (រុស្ស៊ី) និយាយថា ខ្លួនមិនបានតាមដានដំណើរ របស់មេទាហានស៊ីឈ្នួល Yevgeny Prigozhin នោះឡើយ។

មេដឹកនាំបេឡារុស លោក Alexander Lukashenko បានជួយសម្រុះសម្រួល ឱ្យឈានដល់កិច្ចព្រមព្រៀងបញ្ចប់ ការបះបោរខាងលើ ហើយទើបតែជាងមួយសប្តាហ៍មុនបាននិយាយថា មេទាហានស៊ីឈ្នួលYevgeny Prigozhin បានទៅដល់ប្រទេសបេឡារុសហើយ៕ BBC៕







