ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកសាយ សំអាល់បានថ្លែងថា ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» នេះជាប្រសាសន៍ លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ “វគ្គបណ្តុះបណ្តាលតម្រង់ទិសលើអភិបាលកិច្ចគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ” កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងទៅកាន់អង្គពិធី លោកសាយ សំអាល់ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
លោកបន្តថា “ការការពារ និងអភិរក្សធនធានធម្មជាតិ គឺបង្កើនជម្រើសមុខរបរឱ្យសហគមន៍ មានឱកាសគិតគូរពីប្រភពចំណូលផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ដូចជា ការចិញ្ចឹមសត្វ ដំណាំជុំវិញផ្ទះ ដើម្បីធានាបាននូវសន្តិសុខស្បៀង សម្រាប់គ្រួសារ និងសហគមន៍”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្តឱ្យស្នាក់ការតំបន់ការពារធម្មជាតិទាំងអស់ ចិញ្ចឹមសត្វ និងការដាំដុះ សម្រាប់បម្រើឱ្យតម្រូវការរបស់អង្គភាពផងដែរ។
លោកបន្តថា មន្ត្រីក្រសួងបរិស្ថាន គួរគិតគូរ អំពីតម្លៃសេដ្ឋកិច្ចរបស់តំបន់ការពារធម្មជាតិ ជម្រើសកម្សាន្ត លំហែរ និងទេសចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជំរុញការចុះបញ្ជីតំបន់ការពារធម្មជាតិឱ្យស្របតាមនីតិវិធីជាធរមាន ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕