ដោយ: គង់ លាងហួរ
ប៉េកាំងៈ យោងតាមធនាគារកណ្តាលរបស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និងអត្រាការប្រាក់សមហេតុផល និងសមស្រប ដោយផ្តោតលើការគាំទ្រតម្រូវការក្នុងស្រុក ស្របពេលកើតមានភាពមិនច្បាស់លាស់នានា។
ធនាគារប្រជាជនចិន (PBOC) នឹងផ្តល់ការគាំទ្រប្រកបដោយភាពរឹងមាំ និងស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិតប្រាកដ ក្រោមគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នរបស់ខ្លួន។
ធនាគារកណ្តាលចិនបានអះអាងថា “បរិយាកាសខាងក្រៅនាពេលបច្ចុប្បន្នមានភាពកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយកម្លាំងជំរុញផ្ទៃក្នុងនៃសេដ្ឋកិច្ចក្នុងស្រុកនៅតែមិនរឹងមាំ ហើយតម្រូវការនៅតែមិនគ្រប់គ្រាន់”។
ធនាគារនេះបានបន្តថា “ឥទ្ធិពលស្លាកស្នាមនៃវិបត្តិកូវីដ-១៩ មិនទាន់រលត់នោះទេ ដោយសារនិរន្តរភាពនៃការស្ទុះងើបឡើងវិញនៃការប្រើប្រាស់របស់ប្រទេសចិនប្រឈមនឹងហានិភ័យ ហើយសម្ពាធការងារលើមនុស្សវ័យក្មេងមានកម្រិតខ្ពស់ ខណៈដែលការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកកំពុងបន្ថែមសម្ពាធលើតម្រូវការខាងក្រៅ”។
ធនាគារកណ្តាលចិននឹងកែលម្អលើការកែសម្រួលគោលនយោបាយឆ្លងកាត់វដ្តរបស់ខ្លួន ធ្វើឱ្យមានតុល្យភាពនៃគោលដៅរយៈពេលខ្លី និងរយៈពេលវែង កំណើនសេដ្ឋកិច្ច និងស្ថិរភាពតម្លៃ និងការលើកកម្ពស់និរន្តរភាពនៃការគាំទ្រសេដ្ឋកិច្ចពិតប្រាកដ។
លើសពីនេះទៀត ធនាគារកណ្តាលចិនក៏គ្រោងនឹងតាមដានការផ្លាស់ប្តូរនៃតម្លៃទំនិញ ព្រមទាំងណែនាំ និងរក្សាស្ថិរភាពការរំពឹងទុករបស់សង្គម និងរក្សាស្ថិរភាពតម្លៃជាមូលដ្ឋានផងដែរ៕