រដ្ឋាភិបាលរៀបចំក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យជាតិដើម្បីកសាងសង្គមនិងសេដ្ឋកិច្ចឌីជីថល

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ”។

សិក្ខាសាលានេះសហការរៀបចំ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជូវ៉ាង ជូ តំណាង UNDESA មានប្រសា​សន៍អំពីការរីកចម្រើន នៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាល ឌីជីថលក្នុងពិភពលោក គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។

ជាពិសេស ទិន្នន័យគឺជាស្នូលនៃការអភិវឌ្ឍ រដ្ឋាភិបាលឌីជីថល និងជាធនធានដ៏សំខាន់របស់រដ្ឋាភិបាល ហើយការគ្រប់គ្រងប្រកបដោ​យប្រសិទ្ធភាព គឺមានសារៈសំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងការរៀបចំគោលនយោបាយ។

លោកជា វ៉ាន់ដេត បានលើកឡើងពីបច្ច័យវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមកម្ពុជា។ វិស័យឌីជីថល ជាប្រភពនៃកំណើនថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ ការប្រកួតប្រជែងកម្ពុជា នៅក្នុងតំបន់និងពិភពលោក ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយក និងបរិត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី”។

រដ្ឋាភិបាលក៏បានដាក់ចេញ នូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថល ក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាព ក្នុងការរៀបចំគោលនយោបាយក្លោដអាទិភាព គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here