គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មអាស៊ាន

        ដោយៈ លក្ខិណា

ភ្នំពេញៈ សេចក្ដីព្រាងលើកិច្ចព្រមព្រៀងពាណិជ្ជក្មសេវាកម្ម អាស៊ានដែលត្រូវបានគណៈរដ្ឋមន្ត្រី លើកយកមកពិភ្សាកាលពីព្រឹកថ្ងៃទី ២៨ មេសា ២០២៣ ក្រោមអធិបតីសម្ដេចអគ្គមហាសេនាបតីតេជោនោះបានអនុម័តទាំងស្រុង។

នេះបើតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបង្ហោះលើបណ្ដាញសង្គមរបស់លោក កាលពីរសៀលថ្ងៃទី២៨ មេសា២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងថា ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណងសំខាន់ៗ ដូចជា ទី១- ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទី២ បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងសេដ្ឋកិច្ចទំហំ ទី៣ កាត់បន្ថយការរឹតត្បិត ចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។

ទី៤ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួល ដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួម របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ។

ទី៦ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកផៃ ស៊ីផានបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា

– ពង្រីកបន្ថែមនិងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្ម សេវាកម្មអាស៊ាន ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក។

– ទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគបរទេសមកវិនិយោគ ក្នុងប្រទេសកម្ពុជាកាន់តែច្រើន ដែលជាកត្តាវិជ្ជមាន ក្នុងការបង្កើនឱកាសការងារនៅក្នុងប្រទេ​ស បង្កើនចំណូល ហើយវាក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ។

– កម្ពុជាអាចនឹងបង្កើនថវិកាជាតិ លើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន។

– កម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួ​លការជះឥទ្ធិពលវិជ្ជមាន លើផ្នែកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុក ។

– កម្ពុជានឹងទទួលបាននូវជម្រើសជាច្រើន ក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃទាប និងការប្រកួតប្រជែងខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here