ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកពៅ មាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនពីក្រុមហ៊ុន LOCA ដែលជាក្រុមហ៊ុនជំនាញលើ ស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ។
ក្នុងជំនួបកាលពីថ្ងៃទី២៩ មិនាកន្លងមកនេះ ក៏បានមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ត្រីជំនាញជាច្រើនរូប។
ក្រុមហ៊ុន LOCA បានអញ្ជើញចូលជួបសម្ដែងការគួរសម និងណែនាំពីគោលបំណងរបស់ខ្លួន ក្នុងការសិក្សាពីឱកាសវិនិយោគ ព្រមទាំងស្វែងយល់បន្ថែមពីច្បាប់ និងតម្រូវការឯកសារគតិយុត្តផ្សេងៗ អនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់ សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗ ជាចំណែកចូលរួមកាត់បន្ថយ ការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ដោយក្រុមហ៊ុនក៏បានភ្ជាប់ផងដែរ ពីបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួង បានយល់ព្រមក្នុងការសហការការងារបន្ត និងណែនាំបន្ថែមលើការរៀបចំឯកសារ ជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជា សំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។
ថ្នាក់ដឹកនាំក្រសួង ក៏បានឆ្លៀតយកឱកាសនេះ ជម្រាបជូនអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់យានយន្តអគ្គិសនី និងបើកឱកាសយ៉ាងទូលាយឱ្យវិនិយោគគិន អាចចូលមកវិនិយោគបន្ថែម លើវិស័យយានយន្តអគ្គសនីនៅកម្ពុជាផងដែរ៕